ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញ​ជា​អធិបតីក្នុងពិធីបើកសន្និបាតបូកសរុប​លទ្ធផលការងារ​ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
January 08, 2024 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះ  ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អធិការនគរបាល មេបញ្ជាការផ្នែកសឹករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ ប្រធានច្រកទ្វារ និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ៤០០នាក់។

មានប្រសាសន៍ក្នុងពិធីបើកសន្និបាត ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម បានយ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅការងារមួយចំនួនដូចខាងក្រោម ៖

-ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអាទិភាពទាំង៦ ឲ្យទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាព។

-ត្រូវរួមគ្នាការពារនូវសន្តិភាព និងពង្រឹងនូវគុណតម្លៃនៃសន្តិភាព ដែលសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ចែងធ្វើការផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា ឲ្យបានទូលំទូលាយ និងជ្រួតជ្រាបទៅដល់បងប្អូនប្រជាពលរដ្ឋ បានយល់ ដឹងនូវខ្លឹមសារដ៏មានតម្លៃនៃសន្តិភាព និងរួមគ្នាការពារឲ្យបាន។

-ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឲ្យបានជាអតិបរមា តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ជាមួយនិងការបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងនៅមូលដ្ឋាន ។

-រដ្ឋបាលក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៅតាមបណ្ដាមូលដ្ឋាន ដោយមានការគិតគូរយកចិត្តទុកដាក់បន្ថែមក្នុងការពង្រីកគម្របបៃតង តាមរយៈការជំរុញចលនាដាំដើមឈើនៅតាមដងផ្លូវ ទីក្រុង និងប្រជុំជន ។

-ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។

-គ្រប់អង្គភាពពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ពីគុណភាព ។

-រដ្ឋបាលក្រុង ស្រុក ត្រូវបន្តជំរុញល្បឿននៃការដោះស្រាយទំនាស់ដីធ្លី ឬការទាមទាររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីធ្លី ព្រមទាំងសហការ និងគាំទ្រដល់ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឲ្យទទួលបានលទ្ធផលជោគជ័យ ។

-ត្រូវមានវិធានការរដ្ឋបាល និងវិធានច្បាប់ឲ្យបានតឹងរ៉ឹងបំផុត និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ ការទន្ទ្រានចាប់យកដីព្រៃខុសច្បាប់ ការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ និងការចាក់ដីចូលព្រែក ស្ទឹង ទន្លេ បឹងបួរ។

គួរបញ្ជាក់ថាអង្គសន្និបាតបានដំណើរការដោយមានការបង្ហាញពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត របាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងមានការ ចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទដែល ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំជូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយជូនកម្មករ និយោជិតក្នុងវិស័យការងារ ការដោះស្រាយទំនាស់ដីធ្លីលើការទន្ទ្រានចូលកាន់កាប់ដីរដ្ឋ និងវឌ្ឍនភាពនៃការអភិវឌ្ឍក្រុងបាវិតជាដើម ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

 

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ