រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»
January 04, 2024 អ្នកទស្សនា :

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង ដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានក្រុងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ ទាំង១០០ និងលោកមេប៉ុស្ដិ៍រដ្ឋបាល ១០០ឃុំសង្កាត់ ទូទាំងខេត្តតាកែវ ចូលរួមផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា ដើម្បីសម្រេចបាននូវ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រូវមានលក្ខណៈសម្បត្តិចំនួន ៧យ៉ាងគឺ៖

ទី១៖ ការផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និង គ្មានក្មេងទំនើង។

ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីជំរុញគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធិភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តនិងពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់មន្រ្តីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំសង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បី លើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ត្រូវពង្រឹងការបំពេញមុខងារនៃលេខាធិការដ្ឋានរបស់ខ្លួន តាមរយៈការពិនិត្យមើលឡើងវិញ និងធ្វើបច្ចុប្បន្នភាពសមាជិកភាព ពង្រឹងសមត្ថភាព និងបំពេញតួនាទី និងភារកិ្ចប្រចាំថ្ងៃរបស់លេខាធិការដ្ឋាន ដើម្បីជួយគណៈបញ្ជាការឯកភាពក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ