ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសម្ពោធផ្លូវបេតុង ចំនួន ២ខ្សែ ក្នុងក្រុងសំពៅពូន នាដើមឆ្នាំ២០២៤
January 03, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ទទួលបានសមិទ្ធិផលថ្មី នាដើមឆ្នាំ២០២៤នេះ គឺផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ក្នុងនោះ ១ខ្សែប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ និង ១ខ្សែទៀតប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ដោយតម្កល់មនុស្សជាអាទិភាពនៅមុនគេ។

ឯកឧត្តមអភិបាលងខេត្ត បានបន្តថា គោលនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។

ឯកឧត្តមអភិបាលងខេត្ត បានបន្តទៀតថា ដោយសារតែកត្តាសុខសន្តិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិទាំងមូលមានការរីកចម្រើនលើគ្រប់វិស័យ និងអាចសំរេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥ ដោយឡែកបច្ចុប្បន្ននេះ យើងទាំងអស់គ្នាបានដឹងហើយថាក្រុងសំពៅពូន គឺជាក្រុងទើបបង្កើតថ្មី ដែលជាប់ព្រំដែននិងប្រទេសវៀតណាម គឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ដូចជាស្ពាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង លូ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងវត្តអារាមជាដើម។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបបានទាន់ពេល៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ