អភិបាលខេត្តតាកែវ ណែនាំអភិបាលក្រុង ស្រុក ត្រូវជំរុញមេឃុំ ចៅសង្កាត់ មុនសម្រេចផ្តល់ប័ណ្ណសមធម៌ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងផ្តល់មិនចំគោលដៅ
January 03, 2024 អ្នកទស្សនា :

តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលតាកែវ បានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវជំរុញមេឃុំ ចៅសង្កាត់ មុនសម្រេចផ្តល់ប័ណ្ណសមធម៌ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងម៉ត់ចត់បំផុត ជៀសវាងផ្តល់មិនចំគោលដៅ ដែលអាចនាំឱ្យមានការរិះគន់នឹងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ខេត្ត ដែលរៀបចំដោយមន្ទីរផែនការខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពី លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរងក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំង មន្រ្តីរាជការពាក់ព័ន្ធ និងតំណាងអង្គការដៃគូរសហការចូលរួមផងដែរ នាព្រឹកថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីធានាបាននូវភាពច្បាស់លាស់ម៉ត់ចត់ និងភាពត្រឹមត្រូវ អាជ្ញាធរមូលដ្ឋានដែលជាអ្នកអនុវត្តការងារផ្ទាល់នេះ ក៏ត្រូវធានាផងដែរថា មុននឹងសម្រេចផ្តល់ប័ណ្ណសមធម៌នេះ ដល់គ្រួសារក្រីក្រ គឺត្រូវគ្មានគ្រួសារក្រីក្រពិតប្រាកដណាមួយនៅក្នុងឃុំសង្កាត់របស់ខ្លួនគ្មានឈ្មោះក្នុងបញ្ចីគ្រួសារក្រីក្រដែលទទួល ស្គាល់ដោយក្រុមប្រឹក្សាឃុំសង្កាត់ឡើយ ហើយក៏ត្រូវធានាផងដែរថា គ្រួសារដែលមានជីវភាពប្រសើរ ពុំត្រូវមានឈ្មោះក្នុងបញ្ចីគ្រួសារក្រីក្រជាដាច់ខាត។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា អាជ្ញាធរក្រុង ស្រុក ត្រូវជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពិនិត្យពីស្ថានភាពគ្រួសារឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងអនុម័តបញ្ជីគ្រួសារក្រីក្រឃុំសង្កាត់របស់ខ្លួន ហើយត្រូវធានាឱ្យបាននូវភាពត្រឹមត្រូវផងដែរក្នុងការជ្រើសរើសគ្រួសារក្រីក្រពិតប្រាកដនៅក្នុងមូលដ្ឋានឱ្យមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រឃុំសង្កាត់ ម្យ៉ាងទៀតមន្ទីរផែនការ និងអភិបាលក្រុងស្រុក ត្រូវជំរុញមេឃុំ ចៅសង្កាត់ ក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ស្របតាមបច្ចេកទេសនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីរក្សាបានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតីពីប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចំពោះគ្រួសារក្រីក្រទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រ និងទទួលបានប័ណ្ណសមធម៌ ០១សន្លឹក ហើយប័ណ្ណក៏មានអត្ថប្រយោជន៍សំខាន់ ពីរ គឺ ៖ ទី១ ជួយដល់គ្រួសារក្រីក្រស្វែងរក ឬទទួលសេវា ឬជំនួយផ្សេងៗ និងទី២ ជួយដល់អ្នកផ្ដល់សេវា ឬជំនួយពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណសមាជិកគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវា ឬជំនួយដល់ពួកគាត់។

យោងតាមរបាយការណ៍របស់ លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងថា ក្រសួងផែនការ បានសម្រេចផ្ដល់ប័ណ្ណសមធម៌ ដល់គ្រួសារដែលជាប់ការសម្ភាសន៍ អំឡុងពេលយុទ្ធនាការសម្ភាសន៍គ្រួសារងាយរងគ្រោះហនិភ័យ ដែលរងផលប៉ះពាល់ដោយសារសម្ពាធអតិផរណា សរុបចំនួន ៣៧,២៥១គ្រួសារ បន្ថែមទៀតសម្រាប់ស្វែងរកសេវាគាំពារផ្នែកសុខភាព។ ក្នុងរបាយការណ៍របស់លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅតាមបណ្ដាឃុំសង្កាត់ ទាំងអស់បានធ្វើបច្ចុប្បន្នភាពឡើងវិញ នូវទិន្នន័យគ្រួសារក្រីក្រតាមជុំឆ្នាំ២០១៩ និងគ្រួសារក្រីក្រតាមការស្នើសុំអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដេលចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាលទ្ធផលសម្រេចអនុម័តលើគ្រួសារក្រីក្រ សរុបចំនួន ២៩៩២៥គ្រួសារ សម្រាប់ទទួលបានប្រាក់ឧបត្ថម្ភសាច់ប្រាក់ និងសេវាថែទាំសុខភាព ក៏ដូចជាសេវាគាំពាសង្គមផ្សេងៗទៀត ក្នុងនោះ៖

-ជាប់ជាគ្រួសារក្រីក្រកម្រិត១ សរុបចំនួន ៥៨០៤គ្រួសារ

-ជាប់ជាគ្រួសារក្រីក្រកម្រិត២ សរុបចំនួន ១៤៤៧១គ្រួសារ

-ជាប់ជាគ្រួសារងាយរងហានិភ័យ សរុបចំនួន ៩៦៥០គ្រួសារ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ