ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
January 03, 2024 អ្នកទស្សនា :

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ នៅខេត្តកំពង់ចាម។

ដែលពិធីនេះ ប្រារព្វនៅក្នុងបរិវេណវត្តជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ អជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទេសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិទាំងឡាយឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម។

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទគឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនក្រោមរូបភាពអំពើជួលពពោះជំនួស។ នេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗ ឲ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការីកដុះដាលនៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ។

 

ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែង អំពីផលចំណេញ និងផលប៉ះពាល់ ដែលគប្បីធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ ជាមួយគ្នានេះខ្ញុំសូមថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃមន្ទីរអង្គភាព ក្រុង ស្រុក អង្គការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើឲ្យសម្រេចកិច្ចការជាច្រើន គួរជាទីមោទនៈ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ