ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសាធារណៈ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មខ្សាច់សំណង់
December 29, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយ អាជ្ញាធរខេត្ដខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មខ្សាច់សំណង់ តាមដងទន្លេមេគង្គ ក្នុងឃុំល្វាស ឃុំកែវ ស្រុកល្វាឯម និងឃុំសំរោងធំ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព ឯកឧត្តម កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល និងឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានបញ្ជាក់ថា ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន អគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅមូលដ្ឋាន។

ឯកឧត្តម បន្តថា ការបូមស្តារខ្សាច់ និងដីល្បាយខ្សាច់ក្នុងទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ព្រោះធ្វើឡើងតាមបច្ចេកទេស និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីសំរួលចរន្តទឹក ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ និងផ្តលចំណូលពន្ធមកឲ្យឃុំសម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។

ឯកឧត្ដម ឯកឧត្តម កែវ ទួត បានបញ្ជាក់ថា បញ្ហាបាក់ច្រាំងនេះ គឺយើងត្រូវដោះស្រាយ ដោយអនុវត្តន៍ឱ្យត្រឹម​ត្រូវទៅតាមវិធីសាស្រ្តបច្ចេកទេស ដូច្នេះហើយទើបក្រសួង និងអាជ្ញាធរខេត្តរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋនេះឡើងដើម្បីធ្វើការបកស្រាយបំភ្លឺទាក់ទិននឹងបញ្ហាបច្ចេកទេសជូនបងប្អូនបានជ្រាប។

ក្នុងឱកាសនោះដែរ ឯកឧត្ដម កែវ ទួត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជា បូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួង ជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឲ្យក្រសួងចាត់វិធានការផាពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។

សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរខេត្តកណ្ដាល បានតម្រូវឲ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ ត្រូវអនុវត្តឲ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដៅដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ