ថ្នាក់ដឹកនាំខេត្តកំពង់ធំ​ សំណូមពរដល់កងកំលាំងប្រដាប់អាវុធទាំងអស់ចូលរួមរក្សាការពារជាតិមាតុភូមិ​ បន្តនូវគំរូវីរភាពរបស់​ សម្តេចព្រះបរមរតនកោដ្ឋ
November 10, 2018 អ្នកទស្សនា :

     ​ ក្នុងពិធីប្រារព្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោពលខេមរភូមិន្ទ​ នៅ្រពឹកថ្ងៃសៅរ៍ ៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ មានសាសន៍ថា​ ដើម្បីបន្តនូវគំរូវីរភាព ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា​ របស់ព្រះករុណាព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាពជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថេរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។ ឯកឧត្តមបានលើកឡើងដែលថា ថ្ងៃនេះគឺជា​ថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៥​ ទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨) ដែលប្រព្រឹត្តទៅស្របជាមួយទិវារំលឹកខួប ថ្ងៃបង្កើត​កងយោធពលខេមរភូមិន្ទ ដែលជា​ទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។​ ឯកឧត្តម បន្ថែមទៀតថា​ ទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៤ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជាជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ