ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រឹក្សាយោបល់ថ្នាក់ខេត្តស្ដីអំពី «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ»
December 22, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងលោក គឺម មីរ៉ាតូរី ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ី បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសិលាប្រឹក្សាយោបល់ថ្នាក់ខេត្តស្ដីអំពី «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ»។

លោក គឺម មីរ៉ាតូរី ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ី បានឱ្យដឹងថា គម្រោងនេះមានរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២០-២០២៥ គម្រោងនេះមានការគាំទ្រថវិកាពីក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មប្រទេសណូវែលហ្សេឡង់ មានគោលបំណងលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកានៅថ្នាក់មូលដ្ឋានតាមរយៈការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំផែនការនិងថវិកានៅថ្នាក់ឃុំ និងស្រុក ព្រមទាំងរួមចំណែកដល់ការស្រាវជ្រាវ និងការរៀនសូត្រអំពីការរៀបចំថវិកា និងផែនការថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅទាំងបួន រួមមាន៖ ខេត្តកណ្ដាល កំពង់ធំ កំពង់ឆ្នាំង និងត្បូងឃ្មុំ។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំសិក្ខាសិលាប្រឹក្សាយោបល់ថ្នាក់ខេត្តនេះឡើង គឺផ្ដល់ឱកាសដល់ភាគី ជាពិសេសក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ មានឱកាសលើកឡើងពីបញ្ហា និងសំណូមពរ មកពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពាក់ព័ន្ធនឹងការកសាង នឹងប្រើប្រាស់ថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម បន្តទៀតថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (SNDD) ដំណាក់កាលទី២ ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ (២០២១-២០៣០) គឺចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេវាសាធារណៈ និងអត្ថប្រយោជន៍នានាពីការអភិវឌ្ឍន៍មូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយសមធម៌។ កម្មវិធីជាតិដំណាក់កាលទី២នេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការសម្រេចឲ្យបានន័យគោលដៅសេដ្ឋកិច្ច ក្នុងការជំរុញប្រទេសកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមទៀតថា ផែនការយុទ្ធសាស្ត្រថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានធ្វើការកែលម្អជាបណ្ដាបណ្ដើរ ដើម្បីឲ្យក្លាយជាផែនការយុទ្ធសាស្ត្ររួម តាមរយៈការធ្វើសមាហរណកម្មផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងការតម្រឹមជាមួយនឹងអាទិភាព តាមវិស័យនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងតាមគោលដៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំផែនការអន្តរាគមន៍របស់ខ្លួនដោយផ្ដោតជាសំខាន់ទៅលើវិស័យអាទិភាពនៅមូលដ្ឋាន ផែនការអភិវឌ្ឍន៍ ក្រុង ស្រុក និងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ ដែលជាតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ