រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពី​កា​រផ្តល់អា​​ហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី
December 16, 2023 អ្នកទស្សនា :

នាថ្ងៃសុក្រ ទី១៥ ខែធ្នូ  ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីការផ្តល់អា​​ហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ដល់មន្ត្រីរាជកា​រសាលាខេត្ត មន្ទីរ អង្គភាព  និងសិស្សនិសិ្សត ក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម  ម៉ែន  អេង  អភិបាលរងខេត្តស្វាយរៀង  តំណាងឯកឧត្តម  ប៉េង  ពោធិ៍សា  អភិបាលខេត្ត  និងលោក Pieter Bossink នាយករង  Australia Awards។

សិក្ខាសាលានេះ  មានការចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានា  លោកនាយករងរដ្ឋបាលសាលាខេត្ត  មន្ត្រីរាជការ  សិស្ស និសិ្សត មកពីគ្រប់គ្រឹះស្ថានសិក្សា  សាស្ត្រាចារ្យ  និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម  ម៉ែន  អេង  អភិបាលរងខេត្ត បានថ្លែងអំណរគុណ ចំពោះកម្មវិធីអាហារូបករណ៍របស់ Australia Awards ដែលបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង  និងក្នុងរៀបចំសិក្ខាសាលានៅពេលនេះ ដែលបានបញ្ជាក់ឲ្យឃេីញ ពីចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី  ក្រោមការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលឆន្ទះយ៉ាងមោះមុត ចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងលើកការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន  លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបន្តថា សិក្ខាសាលាថ្ងៃនេះ  បានផ្តោតទៅលើការពង្រឹងសមត្ថភាពក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និងវិស័យផ្សេងៗ ឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះភាពជាអ្នកដឹកនាំ ជំនាញសំខាន់ៗ ដែលសង្គមកម្ពុជាត្រូវកា​រ។ ដោយឡែកចំពោះមន្ត្រីរាជការ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួល​អា​ហារូបករណ៍នេះ បាននាំមកនូវគំនិត ចំណេះដឹងនិងមានសមត្ថភាពដើ​ម្បីចូលរួមចំណែកអភិឌ្ឍន៍ប្រទេសកម្ពុជាយើង។

ឯកឧត្តមបន្ថែមថា សិក្ខាសាលានេះបើកចំហរនិងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន សិស្ស​និសិ្សត នៅក្នុងខេត្ត ដែលមានបំណង ដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេ​សអូស្ត្រា​លី ជាពិសេសបេក្ខជន ជាស្ត្រី មកពីបណ្តាខេត្ត និងជនពិការភាព ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការ​ដាក់​ពាក្យយកអាហារូបករណ៍ Australia Awardsនេះ។ ក្នុងនោះដែរកម្មវិធីនេះនិងបានអត្ថប្រ​​យោជន៍​ពេលទៅសិក្សានៅប្រទេសអូស្ត្រាលីដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងទទួល​ព័ត៌មាន​ឲ្យបានពេញលេញពីវាគ្មិន។

ទន្ទឹមនឹងនេះដែរ លោក Pieter Bossink  បានលើកឡើងអំពីប្រវត្តិ នៃការងារអប់រំ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី  ព្រមទាំងបានផ្តល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មក  ហេីយនិសិ្សតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី ក៏បានធ្វើការចែករំលែក និងពាំនាំយក​នូវចំណេះដឹងនូវបទពិសោធន៍ ពីប្រទេសអីស្ត្រាលី យកមកអភិវឌ្ឍន៍លើគ្រប់វិស័យកា​រងាររបស់ខ្លួន​ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ