ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A
December 16, 2023 អ្នកទស្សនា :

ស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សិស្សានុស្សិសប្រឡងជាប់សញ្ញាបត្រ​មធ្យមសិ​​​​ក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ។ ពិធីនេះធ្វើឡើងនៅ​សាលប្រ​ជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូចំនួន ៥០នាក់ និងសិស្សានុស្សិសចំនួន ១០០នាក់ទៀតផងដែរ ។

មានប្រសាសន៍ក្នុងអង្គពិធីនោះ ឯកឧត្ដម ស្វាយ សំអ៊ាង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សផងដែរ ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង រៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជនធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។ លើសពីនោះឯកឧត្ដម ក៏ណែនាំឲ្យសិស្សានុសិស្ស ដែលទទួលបានអាហារូបករណ៍របស់ឯកឧត្ដម ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីយកមកចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រទេសជាតិ ។

ជាមួយគ្នានោះឯកឧត្ដម ក៏បានណែនាំក្រើនរំលឹក ដល់កូនក្មួយសិស្សានុសិស្សទាំងអស់ មិនថានតែនៅក្នុងស្រុកបវេលប៉ុណ្ណោះ ពោលគឺនៅទូទាំងប្រទេសកម្ពុជា ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀននេះ មិនត្រឹមតែបំផ្លាញខ្លួនប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសារ និងសង្គមជាតិទៀតផង ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដម ស្វាយ សំអ៊ាង ក៏លើកឡើងពីគោលនយោបាយអាទិភាព ៦ចំណុច ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានដូចខាងក្រោម៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

ក្នុងឱកាសនោះដែរដើម្បីជាការលើកទឹកចិត្ត ក្មួយៗដែលប្រឡងជាប់បាក់ឌុប ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់សិស្សនិទ្ទេស A កុំព្យូទ័រយួរដៃ ម្នាក់១គ្រឿង និងថវិកា ២លានរៀល និងសិស្សានុសិស្សដែលចូលរួមក្នុងពិធីនេះចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៤ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀល ។

សូមបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០​២៣ សម្រាប់ខេត្តស្ទឹងត្រែង មានបេក្ខជនសរុបក្នុងខេត្ត១០៤៧ ក្នុងនោះស្រី ៥៤៣នាក់ បានប្រឡងជា​ប់សញ្ញាបត្រសរុប ៧៩៧នាក់ ក្នុងនោះស្រី ៤៣៣នាក់ ដែលក្នុងនោះមាន​បេក្ខជនជាប់និទ្ទេសA ចំនួន២នាក់។

សូមរំលឹកថា មុនពេលប្រឡង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជួយឧបត្ថម្ភកា​រហូប​ចុក និងស្នាក់នៅ ដល់សិស្សក្រីក្រពុំមានលទ្ធភាព ៨០នាក់ ក្នុងពេលប្រឡងបាក់ឌុបផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ