អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាវិទ្យាល័យ​ចំណេះដឹងទូទៅ និងបច្ចេកទេស ក្រុងព្រះសីហនុ
December 07, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​បើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ក្រុងព្រះសីហនុ និងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់បណ្ណាល័យ​១ខ្នងនៅក្នុងសាលា​វិទ្យាល័​យ​ចំណេះ​ដឹងទូទៅ និងបច្ចេកទេស ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានា នាយក នាយិកា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង​ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិ​ភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធ នឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្រ​​បញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិ​ទ្យា​" និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ "លើកកម្ពស់គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវ​កា​រ​ក្នុ​​ងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុ​ខភាព​​របស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណី​អាហារ​នៅតាមសាលា ទី៤.ការជំរុញលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍​ក្នុ​ងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ឆ្លើយតបនឹង​ស្មារតី​ខាងលើនេះក្រសួងអប់រំយុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះទាំង៤ ខាងលើទៅក្នុង «ស្តង់ដាសា​លា​​រៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីបង្កើនការ​យក​ចិត្តទុកដាក់​លើ​ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិក​អប់រំ និងសិស្សា​នុ​សិ​ស្ស ក្នុងនោះក្រសួងបានដាក់ឱ្យអនុវត្តការផ្តល់ពិន្ទុ ៨០ភាគរយលើចំណេះដឹង ១០ភាគរយ​លើបំ​ណិន និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌។

ការដាក់ចេញនូវគោលនយោបាយ វិធានការគន្លឹះ និងយុទ្ធនាការខាងលើមានគោលដៅធ្វើ​ឱ្យសា​លា​រៀន​ក្លាយជាអង្គភាពសេវាសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេ​យ្យ​ភា​ពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះសាលារៀនត្រូវតែអនុវត្តតួនាទីប្រ​កបដោយការ​ទទួល​ខុ​ស​ត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃល​ទ្ធ​ផល​សិក្សារបស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលជាកត្តាសំខាន់ៗ៤ រួមមាន៖ ១.កត្តាសាលារៀន ត្រូវផ្តល់នូវបរិស្ថានអំណោយផលសម្រាប់ការបំ​ពេ​ញកា​រងា​ររបស់គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ​មាន​ប្រសិទ្ធភាព។

២.កត្តាគ្រូបង្រៀន ត្រូវមានគុណវុឌ្ឍខ្ពស់ មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ មានវិធីសាស្ត្របង្រៀនថ្មី និង​ចេះប្រើប្រាស់បច្ចេកវិទ្យា និងវាយតម្លៃក្នុងការបង្រៀន។ ៣.កត្តាសិស្ស មានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងត្រៀ​មខ្លួនសម្រាប់ការសិក្សា។ ៤.កត្តាគ្រួសារ ការឱ្យតម្លៃលើការរៀនសូត្រ ការជួយគាំទ្រខាងផ្នែ​ក​ស្មារតី និ​ងសម្ភារៈពិតជាមានសារៈសំខាន់សម្រាប់ការអប់រំ។

ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំយន្តការ ដើម្បីគាំទ្រដល់សាលារៀនឆ្ពោះទៅសម្រេចបា​នស្តង់ដាសាលារៀន​មានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត “ស្តង់ដាសាលារៀនគំរូ" និង "ពានរង្វាន់សាលាគំរូ សម្ដេចមហាបវរធិបតី” នៅទូទាំងប្រទេស​ចាប់ពី​ឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដ​ល់សិ​ស្ស​ជ័យលា​​ភីសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ពីលេខ១ ដល់លេខ៣ ផងដែរ រួចបន្តកាត់​ខ្សែ​បូរដាក់ឱ្យប្រើប្រាស់នូវបណ្ណាល័យ១ខ្នង នៅក្នុងវិទ្យាល័យផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ