អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និង​លើកទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៣
November 21, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើក ទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត  ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន  ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលា ដំបូងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកល វិទ្យាល័យ ស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកមេធាវីប្រចាំរដ្ឋបាលខេត្ត  លោកមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត  លោកមេបញ្ជាការរងកងរាជ អាវុធហត្ថ ខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក តំណាង ស្នាក់ ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង នៃការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក លោក តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ /ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោត សរសើរចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​រាជ​ការ ក្រុមគ្រូពេទ្យ យុវជនសសយក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានសហការអនុវត្ត​តួនាទីភារកិច្ច​របស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណក្នុងខេត្តជាពិសេសក្នុងឱកាសប្ររព្ធពិធីប្រណាំងទូកកាលពីថ្ងៃទី១៨-១៩ខែវិច្ឆិកា  ឆ្នាំ២០២៣នេះ  បានល្អប្រសើរ  ព្រមទាំងបានចូល​រួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្ត ទាំងការងារសង្គម និងការងារមនុស្សធម៌ ការឧបត្ថម្ភគាំទ្រជួយ​ដល់​ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗជាដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ ។

២.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលក្រុង ស្រុក ត្រូវបន្តតាមដានការ ជំរុញ និងគាំ​ទ្រការប្រមូលផលរបស់បងប្អូនប្រជាកសិករ ឲ្យបានទាន់ពេល ចៀសវាងការខូចខាតដោយ​ប្រការ​ណា​មួយ  ព្រមទាំងត្រូវមានវិធានការទប់ស្កាត់នូវការប្រមូលទិញផ្តាច់មុខកសិផល របស់ប្រជាពលរដ្ឋពីសំ​ណាក់​ឈ្មួញកណ្ដាល ក្នុងការបន្ទាបថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ 

៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការពង្រឹងការ​គ្រប់​គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវនិងគ្រប់តាមផែនការ  ។

៤-  មន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តតាម​ដាន​និងអនុវត្តវិធានការច្បាប់លើជនទាំងឡាយណា ដែលឆបោកលុយពីកម្មកររោងចក្រ  ក្នុងលេសឲ្យ​ចូលបម្រើការងារនៅតាមរោងចក្រណាមួយ។

៥-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿ​ង​ញៀ​នឲ្យមានប្រសិទ្ធភាព ។

៦-ត្រូវបន្តការងារទប់ស្កាត់ និងបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅ​តាមមូលដ្ឋាន​ឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសល្បែងភ្នាល់ និងជល់មាន់តាមអនឡាញ ។

៧-រដ្ឋបាលក្រុង ស្រុក ត្រូវខិតខំពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋ ព្រមទាំងទប់ស្កាត់ការចូល​ទន្រ្ទានកាន់​កាប់ដីរដ្ឋ ដីព្រៃ ដីចំណីព្រែក បឹង បួរ ជាដើម ។

៨-អាជ្ញាធរក្រុង ស្រុក ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្ត គួរត្រៀមសម្ភារៈ ដូចជាអាវរងារ និងភួយជាដើម សម្រាប់ផ្ដល់ជូនលោកយាយ លោកតា ចាស់ៗ ដែលមានជីវភាព​ខ្វះខាតនៅតាម​មូលដ្ឋាន ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ