ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពីធីបើក“មហោស្រពសិល្បៈយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៣"
November 18, 2023 អ្នកទស្សនា :

នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពីធីបើក“មហោស្រពសិល្បៈយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៣" នៅខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាម លោកជំទាវអភិបាល និងក្នុងនាមខ្លួនលោកស្រីផ្ទាល់ ពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកមហោស្រពសិល្បៈយុវជនថ្នាក់ខេត្តឆ្នាំ ២០២៣ នាពេលនេះ​ និងសូមសម្តែងនូវក្តីរីករាយជាអនេក ចំពោះវត្តមានរបស់លោកស្រី អស់លោក លោកគ្រូ អ្នកគ្រូ គណៈកម្មការ និងក្មួយៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងពិធីបើកមហោស្រពសិល្បៈយុវជន ដ៏មានសារៈសំខាន់នេះ។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី សូមសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ និងក្មួយៗយុវជនទាំងអស់ ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំឲ្យមហោស្រពនេះ ប្រព្រឹត្តទៅប្រកបដោយមោទនភាពនាឱកាសនេះ។

លោកស្រីអភិបាលរងខេត្ត បានជម្រាបជូនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា វប្បធម៌ជាតិ ត្រូវបានលើកកម្ពស់ប្រកបដោយកិត្យានុភាពនៅលើឆាកអន្តរជាតិ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រជាជនកម្ពុជានោះគឺ អង្គការយូណេស្កូបានអនុម័តបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាសមិទ្ធផលថ្មីមួយក្នុងការលើកកម្ពស់កិត្យានុភាពជាតិឱ្យល្បីល្បាញពេញសកលលោក។ គិតមកទល់ពេលនេះ កម្ពុជាយើងបានបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ចំនួន៤ រួចមកហើយ ក្នុងនោះមាន រមណីយដ្ឋានតំបន់អង្គរ ប្រាសាទព្រះវិហារ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងចុងក្រោយនេះ គឺរមណីយដ្ឋានប្រាសាទកោះកេរ ។ ក្រៅពីបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី កម្ពុជា ក៏បានបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ចំនួន៦ ផ្សេងទៀត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយ អណ្តែត និងគុនល្បុក្កតោ។ ជាងនេះទៅទៀត តាមរយៈរមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិ សារមន្ទីរ បុរាណដ្ឋាន វត្ថុបុរាណ សិល្បៈ ល្ខោន របាំ ចម្រៀង និងសិប្បកម្មបែបប្រពៃណីជាដើម បាននឹងកំពុងបម្រើវិស័យទេសចរណ៍ព្រមទាំងបានចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

ទោះបីមហោស្រពសិល្បៈយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៣ នេះ មានរយៈពេលខ្លី ប៉ុន្តែខ្ញុំសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ពិធីមហោស្រពសិល្បៈនេះទៅ លោក លោកស្រី ប្អូនៗយុវជន យុវនារី និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមនាឱកាសនេះ និងបានទស្សនាតាមរយៈមធ្យោបាយផ្សព្វផ្សាយនានា ពិតជាបានយល់ជ្រាប កាន់តែច្បាស់អំពីគុណតម្លៃ នៃវប្បធម៌ជាតិយើង ដូចពាក្យស្លោកមួយលើកឡើងថា “ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន” ព្រោះវប្បធម៌គឺជាឫសកែវ និងជាអត្តសញ្ញាណជាតិ ហេតុនេះយើងមានភារកិច្ច ចូលរួមថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍រៀងទៅ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ