ថ្នាក់ដឹកនាំព្រះសីហនុ បានអញ្ជើញជាអធិបតី​ក្នុងពិធីសន្និសិទ សហគ្រិនភាពកម្ពុជា ២០២៣
November 15, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី​ក្នុងពិធីសន្និសិទសហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីស​ហគ្រិនភា​ពដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”ហើយពិធីនេះបានរៀបចំធ្វើឡើ​ងនៅសណ្ឋាគារឆ្នេរថ្មីក្រុងព្រះសីហនុ។

ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC វ៉ាយអ៊ីអេស៊ី)ដែលបានបង្កើតតាំងពីឆ្នាំ២០០៩មក និ​ងបា​នខិតខំប្រឹងប្រែងពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយដល់សហគ្រិ​នក្នុងស្រុកកា​ន់តែ​ច្រើនឡើង តាមរយៈការបើកសាខានៅតាមបណ្តាខេត្តមួយចំនួន ក្នុងពេលកន្លងមក ហើយជាក់ស្តែ​ង ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ នៅកាលពីឆ្នាំ​២០២២ និងបានដំណើរការកៀងគរសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល ដោយមានលោក ហុង ប៊ុនទី ជាប្រធានសាខាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។

លោកបន្តថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅខេត្តព្រះសីហនុ ពិតជាបានចូល​​រួមចំណែ​កដ៏សំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ដែលបានផ្តល់ឱកាសដល់សហគ្រិនវ័យ​ក្មេងខេត្តព្រះសីហនុយើង ទទួលបានឱកាសកសាងសមត្ថភាពចូលរួមជាមួយបណ្តាញអាជីវកម្ម និងពង្រីងដៃគូរអាជីវកម្ម ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនតាមរយៈគម្រោង/កម្មវិធីនានារបស់សមាគម ក្នុងនោះក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន លើកដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ព្រមទាំងបានរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេសក៍ វិនិយោគខេត្តព្រះសីហនុ។

លោក អភិបាលខេត្តស្តីទី បានបន្តទៀតថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំប​ន់សេដ្ឋកិ​ច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ហើយដើម្បីអភិ​​វឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយរាជរដ្ឋាភិបាល(អាណត្តិទី៦) បានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងគណៈកម្មាធិការចំនួន២ គឺ ទី១-គណៈកម្មាធិការ សម្របសម្រួលអន្តរក្រសួងរៀបចំផែ​ន​កា​រមេ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី២-គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា (អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) រួមជាមួយនឹងការបង្កើតក្រុមការងារបច្ចេកទេសមួយចំនួនទៀត សម្រាប់ដឹកនាំសម្រ​បសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

ហើយស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនិងអភិវឌ្ឍ«ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ប្រកបដោយភាពរស់រវើកឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍ៖ ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រងនិងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ​ទី​ក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ