អភិបាលខេត្តតាកែវ ជំរុញក្រុមការងារចុះបញ្ជីដីធ្លី ពន្លឿនការចុះបញ្ជី និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ឱ្យបានលឿន
November 14, 2023 អ្នកទស្សនា :

តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការជំរុញ និងរំលឹកទៅដល់ក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរពាក់ព័ន្ធ ត្រូវសម្របសម្រួលធ្វើយ៉ាងណាពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្ដល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ងាយស្រួលប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងកិច្ចការរបស់ខ្លួន។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងបែបនេះឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ និងប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមជាមួយ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តតាកែវ បច្ចុប្បន្នការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានអនុវត្តបញ្ចប់ លើភូមិចំនួន៨៩០ភូមិ ក្នុង ៨ស្រុក និងក្រុង ១ស្មើរនឹង៧៩,៤៨% បានបញ្ជូលទិន្នន័យក្បាលដីជាង ៨១ម៉ឺនក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានជាង ៧០ម៉ឺនប័ណ្ណ ដោយឡែកនៅសល់ជាង ២២ម៉ឺនក្បាលដីទៀត ដែលមិនទាន់បានចុះបញ្ជី ដែលសរុបជាង ១លានក្បាលដីសម្រាប់ខេត្តតាកែវ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ដើម្បីស្របតាមផែនការរបស់រដ្ឋាភិបាល ក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគ្រោងទុកមន្រ្តីជំនាញ ដែលទទួលបន្ទុកលើការងារនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ឱ្យបានលឿនឆាប់រហ័ស ក្នុងនោះអាជ្ញាធរមូលដ្ឋានក៏ត្រូវជួយសម្របសម្រួល ដោះស្រាយ រាល់បញ្ហាវិវាទដីធ្លីផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរាំងស្ទះដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ពោលធ្វើយ៉ាងណាឱ្យការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សូកាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ ក្នុងនោះ បានធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅជាមួយ និងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីទាំង ៣ចំណុច ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ