រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទការប្រណាំងទូកងថ្នាក់ខេត្ត ដោយមានភ្ញៀវទេសចរណ៍ ចូលរួមទស្សនាយ៉ាងច្រើនកុះករ
November 12, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទការប្រណាំងទូកងថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរណ៍ចូលរួមទស្សនាយ៉ាងច្រើនកុះករប្រមាណជា ១៥២.៨៥៦នាក់។

ពិធីបិទការប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ   និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជាការ ស្នងការ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រតិភូខេត្តស្រះកែវ ប្រទេសថៃ កុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តាលខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

ឯកឧត្តម អភិបាលខេត្ត បន្តថា ការរៀបចំប្រណាំងទូកឆ្នាំនេះមានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិព័រណ៌ផលិតផលខ្មែរ ការបណ្តែតប្រទីប នៅពេលរាត្រីពេលចប់កម្មវិធីប្រណាំងទូក។ ការរៀបចំរយៈពេល ២ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗ បានដំណើរការដោយជោគជ័យរលូនល្អ បង្កការកម្សាន្តសប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិយើង។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ចំណុះទូកទាំងអស់ បានចេះសាមគ្គីគ្នា និងបានប្រឹងប្រែងក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ក៏បានអំពាវនាវទៅកាន់ដល់ស្រទាប់មហាជនទាំងអស់ ពិសេសយុវជន ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ក្នុងឱកាសបិទពិធីប្រណាំងទូកនេះដែរ គណៈអធិបតី ក៏បានប្រគល់ពាន់រង្វានជ័យលាភី ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ដល់គណៈកម្មាការទូកទាំងអស់ទៅតាមចំណាត់ថ្នាក់នីមួយៗគ្រប់ទូកទាំង២៨ ដែលបានចូលរួមប្រកួត និងផ្តល់ថវិកាឧបត្ថម្ភដល់ អនុគណៈកម្មាធិការនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវតាមផ្នែកខ្លួនផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ