អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ ស្ថិតនៅក្រុងដូនកែវ និងស្រុកសំរោង
February 14, 2024 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានជាក់ស្ដែងដំណាំស្រូវប្រាំង កំពុងជួបប្រទះខ្វះខាតទឹក របស់បងប្អូនប្រជាកសិករ ចំនួន ៤០០ហិកតា ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ និងឧបត្ថម្តប្រេងម៉ាស៊ូត ១០០០លីត្រ និង ចុះពិនិត្យមើលសកម្មភាពគ្រឿងចក្រ របស់ ក្រសួងធនធានទឹក និងឧតុនិយម កំពុងចុះជួយស្ដារប្រឡាយទឹកមេសំខាន់ៗ ប្រវែង ៤០០០ម៉ត្រែ ដើម្បីនាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវបងប្អូនប្រជាកសិករ ចំនួន ៦២០ហិកតា ស្ថិតនៅភូមិសាស្រ្ត ឃុំទ្រា និងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ឯកឧត្តម អភិបាលខេត្តតាកែវ បានបញ្ជាក់បន្ថែមថា ដោយមានការសហការពី ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននាំយកគ្រឿងចក្រចុះមកជួយស្ដារប្រឡាយទឹកលេខ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំយកទឹកមកដល់ស្ពានទំនប់ដាច់ រួចយកមកចែកចាយបន្តតាមប្រឡាយទឹកសំខាន់នានា ដែលស្ថិតនៅភូមិសាស្រ្តឃុំទ្រា ឃុំជើងគួន ស្រុកសំរោង និងឃុំកំពែង ស្រុកព្រៃកប្បាស ដែលមានដីស្រែប្រជាកសិករ កំពុងរងផលប៉ះពាល់ដោយសារខ្វះខាតទឹក ជាង ១ពាន់ហិកតា។ ទន្ទឹមនឹងនេះដែរ ព្រឹកនេះ ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាននឹងបន្តនាំយកគ្រឿងចក្រចំនួន២ បន្ថែមទៀត ដើម្បីជួយស្ដារប្រឡាយទឹកតាហុង ស្ថិតនៅឃុំកំពែង ស្រុកព្រៃកប្បាស មានប្រវែងជាង ៣គីឡូម៉ែត្រ។ ប៉ុន្តែដោយឡែកនៅផ្នែកខ្លះនៃភូមិសាស្រ្តឃុំជើងគួន គឺមិនទាន់មានប្រភពទឹកទៅដល់នោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធបាននឹងកំពុង នាំយកគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ជួយនាំយកប្រភពទឹកទៅដល់ដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដោយមិនទុកអោយដំណាំស្រូវរបស់ពួកគាត់ងាប់នោះទេ គឺត្រូវជួយសង្រ្គោះអោយបានទាន់ពេលវេលា ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បន្តធ្វើការអំពាវនាវ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ