ដំណាំស្រូវពលរដ្ឋជាង ១ពាន់ហិកតា រងគ្រោះដោយសារខ្វះទឹក ត្រូវបានអាជ្ញាធរខេត្តតាកែវ និងមន្ទីរជំនាញ ជួយសង្រ្គោះទាន់ពេលវេលា
February 12, 2024 អ្នកទស្សនា :

តាកែវ ៖ យោងតាមការបញ្ជាក់ពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា បន្ទាប់ពីមានការអន្តរាគមន៍ផ្ទាល់ ពីអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី ស្រុកសំរោង និងស្រុកព្រៃកប្បាស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ពេលនេះ ការស្ដារប្រឡាយបង្ហូរទឹក ចេញពីមកពីប្រឡាយទឹកលេខ៨៧ ស្ថិតនៅស្ពានទំនប់ដាច់ ក្នុងភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី គឺបាននាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវរបស់ប្រជាកសិករ នៅផ្នែកខ្លះនៃឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ដែលរងផលប៉ះពាល់ ៦២០ហិកតា និងផ្នែកខ្លះនៃឃុំកំពែង ស្រុកព្រៃកប្បាស ដែលរងផលប៉ះពាល់សរុប ៧២០ហិកតា។

ឯកឧត្តម អភិបាលខេត្តតាកែវ បានបញ្ជាក់បន្ថែមថា ដោយមានការសហការពី ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននាំយកគ្រឿងចក្រចុះមកជួយស្ដារប្រឡាយទឹកលេខ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំយកទឹកមកដល់ស្ពានទំនប់ដាច់ រួចយកមកចែកចាយបន្តតាមប្រឡាយទឹកសំខាន់នានា ដែលស្ថិតនៅភូមិសាស្រ្តឃុំទ្រា ឃុំជើងគួន ស្រុកសំរោង និងឃុំកំពែង ស្រុកព្រៃកប្បាស ដែលមានដីស្រែប្រជាកសិករ កំពុងរងផលប៉ះពាល់ដោយសារខ្វះខាតទឹក ជាង ១ពាន់ហិកតា។ ទន្ទឹមនឹងនេះដែរ ព្រឹកនេះ ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាននឹងបន្តនាំយកគ្រឿងចក្រចំនួន២ បន្ថែមទៀត ដើម្បីជួយស្ដារប្រឡាយទឹកតាហុង ស្ថិតនៅឃុំកំពែង ស្រុកព្រៃកប្បាស មានប្រវែងជាង ៣គីឡូម៉ែត្រ។ ប៉ុន្តែដោយឡែកនៅផ្នែកខ្លះនៃភូមិសាស្រ្តឃុំជើងគួន គឺមិនទាន់មានប្រភពទឹកទៅដល់នោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធបាននឹងកំពុង នាំយកគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ជួយនាំយកប្រភពទឹកទៅដល់ដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដោយមិនទុកអោយដំណាំស្រូវរបស់ពួកគាត់ងាប់នោះទេ គឺត្រូវជួយសង្រ្គោះអោយបានទាន់ពេលវេលា ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បន្តធ្វើការអំពាវនាវ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ