ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៥៣ អាណត្តិទី៣ មានរបៀបវារៈចំនួន១០ ជាក់ស្តែង អង្គប្រជុំ បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត។
ក្នុងនោះអង្គប្រជុំបាន ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤) និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្តព្រះសីហនុ ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ