ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍កម្ពុជា ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សា ដើម្បីកិច្ចសហប្រតិបត្តិការលើសេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តតាកែវ។
លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍កម្ពុជា បានលើកឡើងពីគោលបំណងកិច្ចពិភាក្សាភ្ជាប់សេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តតាកែវ មានសេវាដូចជា៖ -សេវាបញ្ញើអន្តរជាតិ (ទទួលផ្ញើនិងចែកបញ្ញើ EMS, CP, LC/AO) -សេវាបញ្ញើក្នុងស្រុក -សេវាលក់តែមប្រ៍ -សេវាចែកចាយបញ្ញើ -សេវាដឹកជញ្ជូន -សេវារថយន្តដឹកអ្នកដំណើរជាដើម សេវាប្រៃណីយ៍កម្ពុជាមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ មាន១១ សាខាជុំវិញរាជធានីភ្នំពេញ និងផ្សារទំនើបអីុអនម៉ល និងសាខាតាមបណ្តាខេត្តទូទាំងប្រទេស និងមាននៅតាមក្រុង ស្រុក ទន្ទឹមនោះការបំរើសេវាជូនអតិថិជនតាមក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ ដែលមានប្រភេទសេវាដូចជា ការចែកលិខិតក្នុងប្រទេស និងអន្តរជាតិ។ យើងជាក្រុមហ៊ុនរដ្ឋមួយដែលមានមធ្យោបាយ និងធនធានក្នុងការបំរើសេវាប្រៃណីយ៍ក្នុងស្រុកបញ្ជូនលិខិតតុលាការ (ឯកសារដីការកោះ ដីការបញ្ជូន) សេវាដឹកបញ្ញើ និងចែកបញ្ញើនៅទូទាំងរាជធានី ខេត្ត ចែកលិខិតក្នុងប្រទេស និងអន្តរជាតិ និងប្រើប្រាស់គ្រប់ប្រភេទសេវាប្រៃណីយ៍ ដើម្បីពង្រឹងគុណភាពសេវាប្រៃណីយ៍ និងកិច្ចសហការជា មួយច្រកចេញចូលតែមួយរបស់ខេត្តតាកែវ ដើម្បីបង្កភាពងាយស្រួលជូនអតិថិជនដែលមកទទួលសេវា ហើយចង់ឱ្យលិខិត ឬឯកសាររបស់គាត់យកទៅដល់ផ្ទះ ដោយមិនចាំបាច់មកយកនាំឱ្យខាតពេលវេលា ស្របតាមតម្រូវការរបស់អតិថិជន។
ក្នុងឱកាសនោះដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ផ្អែកតាមសំណើរបស់ប្រៃណីយ៍កម្ពុជា ដើម្បីឱ្យមន្ត្រីដែលមានការពាក់ព័ន្ធក្នុងខេត្តចូលរួមអ្វីដែលជាសេវាប្រៃណីយ៍ ពិសេសចង់ផ្សារភ្ជាប់ទៅនឹងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តតាកែវ។
ឯកឧត្តម សង្ឃឹមថា យើងនឹងធ្វើការផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នា និងបន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឱ្យការបំរើសេវាប្រៃណីយ៍កាន់តែល្អ បំរើសេចក្តីត្រូវការរបស់អតិថិជនដែលត្រូវការសេវាដឹកជញ្ជូន និងចែកបញ្ញើប្រៃណីយ៍នៅទូទាំងខេត្ត កាន់តែទូលំទូលាយបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានគាំទ្រសេវាប្រៃណីយ៍កម្ពុជា ដែលមានបន្ទុកសេវាសមស្របដោយការទទួលខុសត្រូវក្នុងការបញ្ជូនឯកសារ និងចែកចាយឯកសារទៅតាមមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកដោយការទទួលខុសត្រូវ ស្នើសុំឱ្យមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស ដើម្បីឈានទៅចុះ MOU ជាផ្លូវការ ទី១.រវាងប្រៃណីយ៍នឹងអង្គភាពច្រក ២.រវាងប្រៃណីយ៍នឹងរដ្ឋបាលខេត្តតាកែវ ទាំងមូលនូវលើការបញ្ជូនឯកសាររបស់រដ្ឋបាលខេត្ត ទៅកាន់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងការបញ្ជូនឯកសាររបស់រដ្ឋបាលខេត្តទៅកាន់មន្ទីរ អង្គភាពក្រោមឱវាទដោយការទទួលខុសត្រូវទាំងអស់គ្នា៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ