រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រណាំងទូក ង នៅស្ទឹងសិរីសោភ័ណ
November 12, 2023 អ្នកទស្សនា :

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រណាំងទូក ង ដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀម ទម្លាប់វប្បធម៌ប្រពៃណីជាតិ ដែលមានជាយូរលង់ណាស់មកហើយ។

ពិធីប្រណាំងទូកនេះបានធ្វើឡើងរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលមានទូក ង ចំនួន ២៨ទូក មកពីបណ្តាវត្តនានា ក្នុងស្រុក ក្រុង របស់ខេត្ត បានចូលរួមធ្វើការប្រកួតប្រជែងអុំប្រណាំង នៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលនៅថ្ងៃដំបូងនេះមានការ ចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីបើកការប្រណាំងទូកនៅរសៀលថ្ងៃសៅរទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ  ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវជ័យ ណារី។

ថ្លែងឱកាសនោះនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាលខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា ពិធីប្រណាំងទូកនេះ គឺជាការឧទ្ទិសដល់វីរកងទ័ពជើងទឹក នៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពាន របស់សត្រូវ។ ពិធីនេះ ក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបានដឹកនាំ ដីល្បាប់ដ៏មានជីវជាតិ មកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួលផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវវិន័យការប្រកួតត្រូវចេះសាមគ្គីគ្នា ត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួតដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងទៀតថា ដោយឡែកនៅពេលរាត្រីក៏មានតន្ត្រីកម្សាន្តសប្បាយ និងការតាំងពិព័រណ៍លក់ផលិតផលទូទៅ ភូមិមួយ ផលិតផលមួយ នៅបរិវេណសួនមានជ័យកណ្តាលទីប្រជុំជនខេត្ត ការដាក់បណ្តែតប្រទីប អង្គភាពរដ្ឋ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នៅស្ទឹងសិរីសោភ័ណ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់មហាជនទាំងអស់ ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ