អាជ្ញាខេត្តក្រចេះ ប្រារព្វទិវារំលឹកដល់ជនរងគ្រោះចរាចរណ៍ផ្លូវគោកលើកទី១៣
November 03, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តក្រចេះ គ្រប់លំដាប់ថ្នាក់ រួមយុវជនប្រមាណជាង ៤៥០ នាក់ ប្រារព្វទិវារំលឹកដល់ជនរងគ្រោះចរាចរណ៍ផ្លូវគោកលើកទី១៣ ដែលរៀបចំដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ។

     មានប្រសាសន៍បន្ថែមក្នុងពិធី ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ៖ ស្ថិតក្នុងស្ថានការណ៍ទូទៅរបស់កម្ពុជា កំពុងអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ស្ថេរភាព សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានធានាយ៉ាងរឹងមាំ និងកម្រិតជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរឡើងនោះ បានធ្វើឲ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ កើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំថ្មីចុងក្រោយនេះ ។ ទន្ទឹមនេះ គ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតនៅក្នុងកំណើនមួយគួរឲ្យព្រួយបារម្មណ៍ផងដែរ ដែលគ្រោះថ្នាក់នេះជាកត្តាមួយធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ ឯកជន និងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចជាតិ និងគោលនិយោបាយកាត់បន្ថយភាពក្រីក្រ រួមនិងការអភិវឌ្ឍន៍លើកគ្រប់បិស័យរបស់រាជរដ្ឋាភិបាលផងដែរ ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ឃើញថាសមិទ្ធផលជាតិសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកើតឡើងនិងមានភាពប្រទាក់ក្រឡាតភ្ជាប់គ្នាពីតំបន់មួយទៅមួយ ដែលពីមុនមិនធ្លាប់មានក៏ប៉ុន្តែជាមួយនិងភាពងាយស្រួលខាងលើនេះ ត្រូវបានអ្នកបើកបរ និងប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពច្បាប់ចរាចរណ៏ ខ្វះការគោរពសិទ្ធិគ្នា បានបង្កភាពអនាធិបតេយ្យដូចជា ៖ បើកបរក្នុងល្បឿនលឿនហួសកំរិតកំណត់ បើកបរក្នុងភាពស្រវឹង បើកបរប្រណាំងប្រជែង បើបរមិនគោរពផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៏ជាដើម។

     សូមបញ្ជាក់ថា របាយការណ៍សម្រាប់រយៈពេល៩ ខែដើមឆ្នាំ ២០១៨ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៣៣ លើក បើប្រៀបធៀបរយៈពេល៩ខែដើមឆ្នាំ ២០១៧ គ្រោះថ្នាក់កើតឡើង ១៣៩ លើក ថយចុះ ៦ លើក ស្មើនឹង ៤,៣១% ក្នុងនោះគ្រោះថ្នាក់ដោយអ្នកបើកបរម៉តូមិនពាក់មួកសុវត្ថិភាពចំនួន ៨៧ករណី ស្មើនឹង ៦៥,៤១% ហើយការរងគ្រោះថ្នាក់ទាំងនេះ បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សចំនួន ២៥២នាក់ លើ ២៥នាក់ ថយចុះ ១នាក់ ក្នុងនោះស្លាប់ ៥៥ នាក់ លើ ៦១ នាក់ ថយចុះ ៦ នាក់ ស្មើ ៩,៨៣%, របួសធ្ងន់ ១៣០ នាក់ លើ ១៣៥ នាក់ ថយចុះ ៥ នាក់ ស្មើ ៣,៧០% , របួសស្រាល ៦៧នាក់ លើ៥៧ នាក់ កើនឡើង ១០ នាក់ ស្មើ ១៧,៤៦% ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ