logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣
52
21-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោកប្រធានស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង នៃការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស ព្រះសង្ឃ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានឯកជន ដែលបានចូលរួមវាយគង ទូងស្គរ គោះត្រដោក យ៉ាងអធិកអធម ទូលំទូលាយ និងផុលផុសស្ទើរគ្រប់ទីកន្លែងនៅទូទាំងខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសជាតិយើង ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។ ២.ត្រូវពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេស យកចិត្តទុកដាក់សាងសង់ ដោយគិតគូរពូគុណភាពជាចម្បង។ ៣.គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំផែនការការពារសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមវត្ដអារាម ។ ៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវចុះពិនិត្យការងារបង្កបង្កើនផលស្រូវឱ្យសម្រេចតាមផែនការកំណត់ និងត្រូវចាត់វិធានការសង្គ្រោះស្រូវ ដែលទទួលរងផលប៉ះពាល់ ។ ៥.គ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមចុះអន្ដរាគមន៍ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្ដរាយផ្សេងៗ ដែលកើតមានជាយថាហេតុ ជាពិសេសបាតុភូតខ្យល់កន្ដ្រាក់ និងជំនន់ទឹកភ្លៀងជាដើម។ ៦.រដ្ឋបាលក្រុង-ស្រុកត្រូវជំរុញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងទៅដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្តីពីការបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលា។ ៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ ៨.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបចំស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ។ ៩.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ