logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលការរៀបចំកែរលម្អបន្ថែម ចំពោះសោភ័ណភាព និង អនាម័យ បរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ
58
04-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ប៉ៃលិន៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល ការរៀបចំកែរលម្អបន្ថែម ចំពោះសោភ័ណភាព និងអនាម័យ បរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការ កសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ឱ្យបាន កាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែល ជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ លោកជំទាវបណ្ឌិតអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរ ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បាន ណែនាំ អោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋា រចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកប ដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។ ឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរណ៍ ទាំ ង អស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយ ត្រូវវេចខ្ចប់កាក សំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះ ចោល សំរាម គ្មាន សណ្តាប់ ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។ សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមាន ទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុង ភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ៕ ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ