នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងខេត្តទាំង០៣ នាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានអ្នកចូលរួមសរុបប្រមាណ ២០០០នាក់។
នាឳកាសនោះ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបង្ហាញរបាយការណ៍សកម្មភាព និងកិច្ចខិតខំប្រឹងប្រែង គ្រប់ផ្នែកពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធានាបានសុវត្ថិភាពសហគមន៍មូលដ្ឋាន និងបានលើកឡើងពីគ្រោះថ្នាក់ និងផលវិបាកពីគ្រឿងញៀនដែលបង្កមហន្តរាយដល់ខ្លួន អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងថា ករណីគ្រឿងញៀននេះ នៅតែបន្តកើតមាន ទាំងនេះទាមទារឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តថា គ្រឿងញៀនបំផ្លាញសុខភាព និងសង្គមទាមទារឱ្យយើង ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងសកម្មភាព បង្កា បង្ក្រាប ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន ហើយអ្នកពាក់ព័ន្ធ និងការជួញដូរ ចរាចរណ៍ ចែកចាយគ្រឿងញៀន ត្រូវផ្តន្ទាទោស តាមច្បាប់ដោយមិនមានលើកលែង ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អនុវត្តនូវវិធានការទាំង ៥ របស់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឱ្យសកម្មផុលផុស តាមទិសស្លោក បី កុំ មួយ រាយការណ៍ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានជោគជ័យ៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ