logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សម្រាប់​ការបោះឆ្នោតជ្រើស​តាំង​​តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣
79
07-July-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កង​កម្លាំងទាំង ៣ប្រភេទ មេឃុំ មេប៉ុស្តិ៍ទាំង២៩មន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ ។

លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខត្តព្រះសីហនុ បានអានសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត អ.ខ ប្រភេទ១ អ.ខប្រភេទ២ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២មានដូចជា៖ ក្រុងព្រះសីហនុ មាន ៧,៣១៣នាក់ ស្រុកព្រៃនប់ ១០,០០៨នាក់ ស្រុកស្ទឹងហាវ ១,៤០៧នាក់ ស្រុកកំពង់សីលា ១,៤៧៣នាក់ និងក្រុងកោះរ៉ុង ២០៤នាក់ សរុបក្នុងក្រុង ស្រុកទាំង៥ មានចំនួនសរុប ២០,៤០៥នាក់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថាដំណើរការលទ្ធិ​ប្រជាធិប​តេយ្យ​របស់យើងគឺល្អ ហើយការរៀបចំរបស់យើងបានល្អ ស្នើសុំក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ក្តាប់បញ្ហាទាំងនេះឱ្យបានល្អ ត្រូវអនុវត្តការងារដោយស្មារតីទទួលខុសត្រូវ ពិតមែនហើយថា យើង​ធ្វើកិច្ចការមិនមែនមួយថ្ងៃបោះឆ្នោតនោះទេ យើងមានបទពិសោធន៍ធ្វើកិច្ចការនេះជាច្រើនមកហើយ សុំ​ឱ្យ​ចាត់ទុកថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោតជាដំណាក់កាល និងពេលវេលាកម្រិតខ្ពស់ ត្រូវមានមន្ត្រី​ប្រចាំ​ការ ២៤ម៉ោង លើ២៤ម៉ោង ដោយការទទួលខុសត្រូវលើផែនការ​របស់យើងដែលបានដាក់ចេញ​ឱ្យបានហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យបរិយាកាសនយោបាយប្រជាធិបតេយ្យ​របស់យើងដើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ វាមានការពាក់ព័ន្ធ​ទៅនឹងដំណើរការបោះឆ្នោតរបស់យើងបានល្អ ជាសញ្ញាបញ្ជាក់ថា ប្រជាជនរបស់យើងបានយល់ដឹងពី​លទ្ធិប្រជាធិបតេយ្យ ធ្វើឱ្យយើងរក្សាបាននូវកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ យើងបេ្តជ្ញាចិត្តរួមគ្នារក្សាសុខសន្តិភាព សុវត្ថិភាព សេរីភាព របៀបរៀបរយបំរើឱ្យការបោះឆ្នោត​ប្រព្រឹត្តទៅល្អនៅខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ទាក់ទងការធ្វើលិខិតបញ្ជាក់ការបោះឆ្នោតនៅខេត្តព្រះសីហនុ មានជាង ២ម៉ឺននាក់ ដែលអត្តសញ្ញាណបណ្ណលើសសុពលភាព២០២២-២០២៣ តែរាជរដ្ឋាភិបាលបានចេញ​លិខិតពន្យាការប្រើប្រាស់នេះ សូមបងប្អូនអាចកាន់អត្តសញ្ញាណបណ្ណលើសសុពលភាពទៅបោះឆ្នោតបាន ប៉ុន្តែក្នុងចំណោមអ្នកជាង ២ម៉ឺននាក់ មន្ត្រីនគរបាលបានខិតខំធ្វើអត្តសញ្ញាបណ្ណផ្តល់ជូនពួកគាត់បានជាង ១៣,០០០សន្លឹក អញ្ចឹងនៅសល់ប្រហែលជាង ៥,០០០នាក់ទៀត និងអ្នកដែលបាត់អត្តសញ្ញាណបណ្ណ។

 

ឯកឧត្តម អភិបាលខេត្តបន្តថា អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុក​ដាក់គ្រប់គ្រង​បរិយាកាស ព្រោះយើងជាមន្រ្តីរាជការសាធារណៈមានភារកិច្ចទទួលខុសត្រូវរក្សាអព្យាក្រឹត្យ រក្សាតម្លៃ​ការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ព្រោះយើងជាប្រជាពលរដ្ឋ មានសិទ្ធគាំទ្រគណបក្ស​នយោបាយរបស់ខ្លួន ដូច្នេះត្រូវបែងចែកតួនាទី ភារកិច្ច ឆ្លើយតបមន្ត្រីមុខងារសាធារណ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបំពេញការងារដោយអព្យាក្រឹត្យ រក្សាតម្លៃការងាររដ្ឋបាលប្រកប​ដោយប្រក្រតីភាព ស្របតាមរដ្ឋធម្មនុញ្ញរបស់យើងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង មានសិទ្ធចូលរួមជីវភាពនយោបាយជាមួយបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដូចនេះត្រូវបែងចែកឪ្យដាច់ម៉ោងរដ្ឋបាល យើងត្រូវដឹងថា មន្ត្រីសាធារណ មិនមែនមន្ត្រីគណបក្ស​នយោបាយទេ ឆ្លើយតបឱ្យបានត្រឹមត្រូវពីតួនាទី ភារកិច្ចរបស់យើង ជាមន្ត្រីមុខងារសាធារណ ឯថ្ងៃ​ឈប់​សម្រាក ឬម៉ោងឈប់សម្រាក បងប្អូនមានសិទ្ធដើម្បីចូលរួមជីវិភាព​នយោបាយជាមួយគណបក្ស​នយោបាយ​ដែលខ្លួនពេញចិត្ត។ ប្រទេសកម្ពុជាបានលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ទោះបីបងប្អូនជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តែបងប្អូនជាពលរដ្ឋកម្ពុជា បងប្អូនមានសិទ្ធិចូលរួមជីវភាព​នយោបា​យ​ជាមួយគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយគ្រប់គណបក្សនយោបាយ​ដែលបាន​ឈរ​ឈ្មោះ​​បោះឆ្នោតនៅខេត្តព្រះសីហនុ មានចំនួន ១២គណបក្សនយោបាយ យើងមានកាតព្វ​កិច្ចការពារ ថែរក្សាគណបក្សនយោបាយទាំង១២ ឱ្យធ្វើសកម្មភាពស្របតាមច្បាប់នៅលើដែនដីរដ្ឋបា​លនៅខេត្ត​របស់យើងដូចគ្នា ដើម្បីឱ្យបរិយាកាស​ន​យោ​បាយ​នៅខេត្តព្រះសីហនុ រក្សាបានល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយបានល្អ ជាផ្នែកមួយសំខាន់ នៃការជំរុញដំណើរការប្រជាធិបតេយ្យ​ឱ្យរីកចម្រើនធំធាត់ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ