នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមានប្រកាសស្តីពីការទទួលស្គាល់សមាសភាពប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀងរួមមាន លោក ព្រហ្ម រ៉ាវុឌ្ឍ ជាប្រធានការិយាល័យប្រជាពលរដ្ឋ និង លោក អ៉ីង បូរ៉ា ជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨ ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
ក្នុងនោះអង្គប្រជុំ បានស្តាប់របាយការណ៍សកម្មភាពបញ្ចប់ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនិងបន្ត ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៥០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣)៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង