ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការបោស និងលាងសម្អាតឱ្យស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួន ដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤ និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺ សម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីអោយរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងផងដែរថា កាលពីព្រលប់ និងយប់ថ្ងៃទី០៣ ខែកក្កដា ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមាន រហូតដល់ ១៥៣ មី លី ម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីមានការណែនាំពី ឯកឧត្ដម ឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់មន្ត្រី និងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់អោយដឹងទៀតថា នៅព្រឹកថ្ងៃទី០៤ កក្កដានេះ ដោយមានការណែនាំ និងចុះពិនិត្យដោយផ្ទាល់ នៅលើបណ្តោយផ្លូវម៉ៅសេទុង ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្មករទាំងអស់ជាមួយនឹងការប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ១៨ គ្រឿង ដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវម៉ៅសុទុង ក៏ដូចជាផ្លូវកម្ពុជាក្រោម និងបណ្តា ផ្លូវមួយចំនួនទៀតដែលមានកាកសំណល់ភក់ និងសំរាមនៅលើទ្រូងផ្លូវ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងកម្រិតទុកភ្លៀងខ្លាំងរហូតដល់កំពស់ ១៥៣មីលីម៉ែត្រនេះ ស្ថានីយ៍បូមទឹករបស់យើង ដែលមានសមត្ថភាពបូមទឹក បានខ្លាំងជាងមុន៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែលបានធ្វើឱ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះផ្លូវកម្ពុជាក្រោមបានស្របអស់នៅ ម៉ោង១២យប់ ផ្លូវ២០០៤ បានស្រកអស់នៅម៉ោង១យប់ និងផ្លូវម៉ៅសេទុងនេះ បានស្រកអស់នៅម៉ោងប្រមាណ៣ភ្លឺ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ តំបន់មួយចំនួននៅបឹងទំពន់គឺបាននឹងកំពុងទទួលរងការលិចលង់នៅឡើយ ព្រោះតំបន់នោះទៀបជាងគេ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានីនៅម៉ោង១១ឬ១២ថ្ងៃនេះ ទឹកនិងអាចច្រកចុះអស់ពីតំបន់ទាំងនោះហើយ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ