នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រមាណ ៦៥០នាក់។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា៖ អាជីពជាគ្រូពេទ្យ ជាអាជីពប្រៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះ គឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន វាមិនមែនជារឿងងាយនោះទេ ជាពិសេស ក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិ នៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងខេត្តត្បូងឃ្មុំយើង បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ឃ្លាតឆ្ងាយកូន ភរិយា ស្វាមី និងក្រុមគ្រួសារ មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្ត្រាចារ្យ, លោកគ្រូ, អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាលកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។
តាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ មានគ្រូពេទ្យចំនួន ១៥៥៨នាក់ មានការិយាល័យជុំវិញមន្ទីរចំនួន០៤ ,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន០៧ មន្ទីរពេទ្យបង្អែកចំនួន០៧ គឺមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្គ្រប់កម្រិត៣ចំនួន០១ ដែលជាមន្ទីរពេទ្យខេត្តបំពាក់សម្ភារៈទំនើបៗ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ, មន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្រ្គប់កម្រិត០២ ចំនួន០៤ គឺមន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ, មន្ទីរពេទ្យបង្អែកមេមត់, មន្ទីរពេទ្យបង្អែកពញាក្រែក, មន្ទីរពេទ្យបង្អែកក្រូចឆ្មារ និងមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្រ្គប់កម្រិត០១ ចំនួន០២ គឺមន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ, មន្ទីរពេទ្យបង្អែកស្រុកតំបែរ និងមណ្ឌលសុខភាពចំនួន៧៤ និងប៉ុស្តិ៍សុខភាពចំនួន០១ ទូទាំងខេត្តត្បូងឃ្មុំ៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ