នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ក្រោមអអិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និង លោក ហែម ពិសិដ្ឋ អភិបាលរង នៃអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង យុវជនសសយក លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ដឹកនាំឃុំ ភូមិ ប្រជាការពារ យាយជី តាជី និងប្រជាពលរដ្ឋនៅក្នុងឃុំអណ្ដូងពោធិ៍។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមិទ្ធផលដែលដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាទឹកចិត្តសទ្ធាជ្រះថ្លារបស់ឯកឧត្តម មាស សារិន និង លោកជំទាវ សុខ ផល្លី, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ, ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ, ឯកឧត្តម ព្រាប គារ៉ាត់ និងក្រុមការងារ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ឱ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ជៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឱ្យមានការីកចម្រើន។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង