ខេត្តកណ្ដាល ៖ សមិទ្ធផលនានាជាច្រើន នៃមជ្ឈមណ្ឌលវិបស្សនាធុរៈ ក្នុងវត្តពោធិញាណ (ហៅវត្តអាស្រម) ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ត្រូវបានឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមុខកំពូល ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងស្មារតី នៃវប្បធម៌ចែករំលែក សម្រាប់សាងសង់ និងស្តារសមិទ្ធផលជាច្រើន ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តពោធិញាណរបស់នេះ ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្ដម អភិបាលរងខេត្ត បន្តថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះ មាន រយៈពេល ២៥ ឆ្នាំ ហើយនយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល ត្រូវបន្តចុះមូលដ្ឋានឱ្យបាន ទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និងយុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, បញ្ហាគ្រឿងញៀន, ការជួញដូរមនុស្ស និង ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និង ឱ្យបានតឹងរឹងជាប់ជាប្រចាំ ។ ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័យ៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល