ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលតាកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន មកពីស្រុកកោះអណ្ដែត ស្រុកបូរីជលសារ និងស្រុកគិរីវង់ ចំនួន ៩៥៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើង នាបរិវេណអនុវិទ្យាល័យព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលស្រុកពាក់ព័ន្ធចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងសូមថ្លែងអំណរគុណបំផុតចំពោះ បងប្អូនអតីតយុទ្ធជនទាំងអស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបី សម្តេច មិនបានចុះមកផ្ទាល់ក៏ដោយ។
ឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូន នៅក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនឹងនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឱ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមរាល់ឯកសាររបស់ខ្លួន ដើមី្បទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ