ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានបន្តជួបសំណេះសំណាល នៅមូលដ្ឋានជាមួយ ប្រធាន សមាជិក ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ មេប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-សង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល ប្រធានមណ្ឌលសុខភាព លោកនាយកសាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ចាស់ព្រឹទ្ធាចារ្យ ដើម្បីស្ដាប់បញ្ហាប្រឈមនានា ក្នុងមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងដូនកែវ ដោយមានអ្នកចូលរួមសរុបចំនួន ៨៧នាក់។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកាផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។
លើសពីនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំ និងក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋាន ភូមិ ឃុំ ដូចខាងក្រោម ៖
-ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។
-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន ឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាព ជាពិសេសពង្រឹង បង្ការ បង្រ្កាបក្រុមក្មេងទំនើង នឹងរាល់បទល្មើសនានានៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
-យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ។
-យុវជនឃុំ និងភូមិ ត្រូវបង្កើនសកម្មភាពឱ្យសកម្មលើការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន ពិសេសត្រូវធ្វើកិច្ចការងារជាមួយចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានដោយសហការគ្នាឱ្យបានល្អបនរសើរឡើង។
-ឪពុក-ម្តាយ ឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេននាថ្ងៃអនាគត។
ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ការគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ