ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សេង ថានី ប្រធានក្រុមការងារគ្រប់គ្រង សិស្ស-និសិ្សតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME ) ខេត្តក្រចេះ ។
ថ្លែងក្នុងឱកាសនោះដែល ឯកឧត្តម វ៉ា ថន បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តក្រចេះ រួមជាមួយនឹងការអបអរសាទរ ចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ១០២នាក់ ។
ឯកឧត្តម វ៉ា ថន មានប្រសាសន៏ផ្ដាំផ្ញើ ដល់សិស្ស-និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាកខ្វះខាត ដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល និងបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ដែលតែងបានផ្តល់ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ, និង បរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិត ខ្វះលទ្ធភាព នេះកាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយ សម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីព ការងារល្អប្រសើរ នៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណង ប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ