logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ ១ខ្នង ក្នុងបរិវេណវត្តជោតនារាម
34
22-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២២ខែមិថុនាឆ្នាំ ២០២៣ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ ១ខ្នង ចំនួន ២ជាន់ នៅវត្តជោតនារាមបឹងកុក និងសម្ពោធសមិទ្ធផលនានា ចំនួន ៣៨ គម្រោង នៅក្នុងសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអ្នតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមកពីសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម នៅបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ចំនួន ៣៨ គម្រោង ដោយ ចំណាយថវិកា ប្រមាណ ២៧.៧៣៣.២០០.០០០រៀល ស្មើនឹង ៦.១០៦.៩៦២ដុល្លារ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលនៅក្នុងសង្កាត់បឹងកុក មាន ១៦គម្រោង ប្រើប្រាស់ថវិកាអស់ ១៥.១៧៩.៦០០.០០០រៀល ប្រមាណ ៣.៧៤៨.០៤៩ដុល្លា ការសាងសង់មានដូចជា លូ-ផ្លូវAC -ផ្លូវបេតុង ២១ខ្សែ -ផ្លូវក្រាលថ្មភ្នំ-អគារសាលាសង្កាត់បឹងកុក និងទ្វារទឹក។ ដោយឡែក សមិទ្ធផលនៅសង្កាត់កំពង់ចាម មាន២២ គម្រោង ចំណាយថវិកាអស់ចំនួន១២.៥៥៣.៦០០.០០០ រៀល ប្រមាណ ៣.០៩៩.៦៥៤ដុល្លា ក្នុងនោះបានសាងសង់-ផ្លូវក្រាលកៅស៊ូ AC ចំនួន ៣ខ្សែ-ច្រាំងទន្លេ ១ខ្សែ -សង់អគារសាលាសង្កាត់-ជួសជុលដំបូលផ្សារធំ និងផ្សារបឹងកុក-ជួសជុលសួនច្បារតាមដងទន្លេមេគង្គ រូបសំណាកដំរី អាងទឹក ៩កន្លែង-ជួសជុលអគារអុកស៊ីសែននៅមន្ទីរពេទ្យខេត្តកំពង់ចាម ១កន្លែងផងដែរ។

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាការពិត សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិយើង ប្រសិនបើគ្មានការឯកភាពជាតិ និងគ្មានសុខសន្តិភាពនោះទេ ការអភិវឌ្ឍន៍ផ្សេងៗក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។

ឯកឧត្តម បន្ដថា ដូច្នេះដោយសារប្រទេសយើងមានសុខសន្តិភាពនេះហើយ ទើបយើងអាចជំរុញការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាជនយើង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។ ឈរលើស្មារតីនេះ យើងទាំងអស់គ្នាត្រូវគោរពស្រឡាញ់ និងដឹងគុណ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមក សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ