ឯកឧត្តម សុខ លូ អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា
May 16, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារមួយចំនួន និងរឹតចំណងមិត្តភាពរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រទេសជប៉ុន និងប្រទេសកម្ពុជាមានចំណងមិត្តភាពល្អជាមួយគ្នា យូរអង្វែង ដែលកន្លងមកជប៉ុនបានជួយប្រទេសកម្ពុជាបានច្រើន ពេលដែលប្រទេសកម្ពុជា មានការលំបាក ជាពិសេសការជួយលើការបណ្តុះបណ្តាលធនធានមនុស្សទាំងរយៈពេលវែង និងរយៈពេលខ្លី រហូតដល់ការជួយស្ទើរគ្រប់វិស័យ មកដល់ប្រទេសកម្ពុជា ។

ឯកឧត្តម បានបន្តថា សម្រាប់ខេត្តបាត់ដំបង ជប៉ុនបានជួយដល់វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ជាងនេះទៀតផ្លូវជាតិលេខ៥ បាត់ដំបង ភ្នំពេញមានការលំបាកខ្លាំងណាស់ ហើយបន្ទាប់ពីបានបញ្ចប់ការសាងសង់ការធ្វើដំណើរកាន់តែងាយស្រួល ។ 

ឯកឧត្តម បានបង្ហាញឱ្យដឹងថា ទឹកដីមួយផ្នែកមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកប់រាយប៉ាយ តែក្រោយពីអង្គភាព CMAC ក្រោមជំនួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុននិងដៃគូអភិវឌ្ឍនានា បានធ្វើការដោះគ្រប់មីនបានជាបន្តបន្ទាប់រហូតដល់មានក្រុមហ៊ុនរបស់ប្រទេសជប៉ុនបានចូលមកធ្វើការវិនិយោគ នៅតំបន់ព្រំដែននៃស្រុកកំរៀង ដែលនេះគឺជាភាពជោគជ័យមួយមានការចាប់អារម្មណ៍ពីប្រទេសជប៉ុនមកដាក់ទុនវិនិយោគនៅស្រុកកំរៀង នៃខេត្តបាត់ដំបង ដែលជាខេត្តបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តអិហិមិនៃប្រទេសជប៉ុនផងដែរ ។ 

ឯកឧត្តម បានបង្ហាញថា បាត់ដំបង មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ តែអ្វីដែលខេត្តបាត់ដំបង នៅមានការខ្វះខាតការវិនិយោគខាងវិស័យកសិឧស្សាហកម្មរោងចក្រ ដើម្បីធ្វើការកែច្នៃផលិតផលកសិកម្មរបស់ប្រជាកសិករនៅបាត់ដំបង នៅមានកម្រិតតិចនៅឡើយ ហើយខេត្តត្រូវការវិនិយោគិនធ្វើយ៉ាងម៉េចឱ្យមានការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចខេត្តឱ្យមានសន្ទុះឈានឡើងថែមទៀត ខណៈដែលខេត្តបាត់ដំបងមានលក្ខណៈសំណង់អគារបុរាណច្រើន និងតំបន់ទេសចរណ៍ធម្មជាតិសំបូរបែប ហើយសង្ឃឹមថា អ្នកទេសចរប្រទេសជប៉ុន នឹងមកលេងអង្គរវត្តនៅខេត្តសៀមរាប គឺគាត់នឹងអាចមកលេងទឹកដីខេត្តបាត់ដំបង ។

ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ឯកឧត្តម Atsushi UENO  បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសជប៉ុន គឺបានឆ្លងកាត់រយៈពេលនៃការធ្វើការជាមួយគ្នាជាយូរដូចជាការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយជាក់ស្តែងសម្រាប់ឆ្នាំនេះប្រទេសចជប៉ុន និងប្រទេសកម្ពុជា កំពុងប្រារព្ធខួបលើកទី៧០នៃការទំនាក់ទំនងការទូតជប៉ុន និងប្រទេសកម្ពុជា ដែលនេះគឺជាពេលវេលាមួយដែលនាំឱ្យប្រទេសកម្ពុជា ជប៉ុនក្លាយទៅជាដៃគូសហការគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំនេះ ។

ឯកឧត្តមបានបន្តទៀតថា រហូតមកដល់ពេលនេះ ប្រទេសជប៉ុន បានធ្វើការផ្តល់ជំនួយមកកាន់ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តបាត់ដំបង តាមរយៈ ODA ទៅលើផ្នែកផ្សេងៗទាំងផ្នែកបច្ចេកទេសនិងផ្នែកបណ្តុះបណ្តាលផ្សេងៗ ជាពិសេសការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ការសាងសង់មន្ទីរពេទ្យ ក៏ដូចជាការសម្អាតទឹកស្អាតសម្រាប់ការប្រើប្រាស់ជាដើម ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានទទួលយកសំណូមពររបស់អាជ្ញាធរខេត្តបាត់ដំបង អំពីបញ្ហាកសិឧស្សាហកម្ម និងទេសចរណ៍ទៅធ្វើការពិចារណា ដើម្បីធ្វើកិច្ចសហការបន្ថែមទៀត ហើយក្នុងនោះក្នុងនាមឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ឯកឧត្តមនឹងធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ជនជាតិជប៉ុន ឱ្យគាត់មកទស្សនាលេងកម្សាន្តនៅខេត្តបាត់ដំបង ឱ្យកាន់តែច្រើនបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលខេត្តក៏បានរៀបចំពិធីប្រគល់-ទទួលរថយន្តគិលានសង្រ្គោះចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងត្រាក់ទ័រចំនួន០២គ្រឿង ដែលជាអំណោយរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសង្រ្គោះបន្ទាន់ក្នុងខេត្តបាត់ដំបងឱ្យកាន់តែល្អប្រសើរជាងមុន និងដើម្បីរឹតចំណងមេត្រីភាពរវាងខេត្តអិហិមិ នៃប្រទេសជប៉ុន និងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរឹងមាំផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដែលជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង ដែលបានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះ រថយន្តពន្លត់អគ្គិភ័យ និងត្រាក់ទ័រជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលនេះគឺជាផ្នែកមួយក្នុងការចូលរួមចំណែកពង្រឹងដល់ការដឹកជញ្ជូនសង្រ្គោះបឋមក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនបានមួយកម្រិតទៀត ក្នុងនោះក៏បានចូលរួមចំណែកលើវិស័យកសិកម្មក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ