logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់គម្រោងលើកកម្រិតផ្លូវជាតិលេខ៧
122
16-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំដើម្បីដោះស្រាយផលប៉ះពាល់ នៃគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ដោយកិច្ចប្រជុំនេះ ក្រោមអធិបតីភាព ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ឯកឧត្តម ភី សុភាត់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រុមហ៊ុនពាក់ព័ន្ធទទួលការសាងសង់ អាជ្ញាធរស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្ត បានបង្កើតក្រុមការងារ សម្រាប់ដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ចំនួន ០២ក្រុម ដឹកនាំដោយអភិបាលរងខេត្តចំនួន ០២រូប ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសិក្សាជាបឋមទៅលើទិន្នន័យជាក់ស្ដែង ដើម្បីរកវិធីសាស្ត្រដោះស្រាយ ព្រោះផលប៉ះពាល់វាមានទំហំធំ ក្នុងនោះរួមមាន៖ ទី១ នៅទីប្រជុំជនស្គន់ ស្រុកជើងព្រៃ និងទី២ នៅទីប្រជុំជនផ្សារព្រៃទទឹង ស្រុកព្រៃឈរ ដែលទីប្រជុំជនទាំងពីរនេះ គឺសំបូរទៅដោយសំណង់រឹងមាំ ដូច្នេះយើងត្រូវគិតគូរឱ្យបានហ្មត់ចត់បំផុត។

ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា បានលើកឡើងថា ជាគោលការណ៍ យើងមិនចង់ប៉ះពាល់ដីប្រជាពលរដ្ឋទេ ប្រសិនបើអាចបញ្ចៀសបាន ឬធ្វើលើដី របស់រដ្ឋដែលមាន។ ប៉ុន្តែដោយសារទីតាំងខ្លះការសិក្សាគម្រោង គឺចំបាច់ត្រូវតែឆ្លងកាត់សំណង់ ដែលជាទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ ដែលយើងត្រូវដោះស្រាយតាមអនុលោមគតិយុត្ត។

ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា បានបន្តថា ខេត្តកំពង់ចាម បាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើន គួរឱ្យកត់សម្គាល់ ដោយកន្លងមកយើងមានគម្រោងហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ជាច្រើន ហើយជាចំណងដៃប្រវត្តិសាស្ត្រមួយទៀត ដែលខេត្តកំពង់ចាមនឹងទទួលបានឆាប់ៗខាងមុខនេះ គឺការលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ ០៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣នេះ។

ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងប្រទេសកម្ពុជារបស់យើង គឺមានតម្រូវការភាពចាំបាច់បន្ទាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យឈានទៅទាន់សភាពការណ៍នឹងប្រទេសជិតខាងរបស់យើង ដែលគេមានផ្លូវតភ្ជាប់ខ្វាត់ខ្វែង ដើម្បីសម្រួលដល់បណ្ដាញដឹកជញ្ជូន ជំរុញដល់ការងារពាណិជ្ជកម្មក្នុង និងក្រៅតំបន់។ ដូច្នេះទេ កម្ពុជារបស់យើង នឹងមានតម្រូវការចាំបាច់បន្ទាន់ ទៅលើកិច្ចការនេះ ខណៈដែលកម្ពុជាយើងមានផ្លូវល្បឿនលឿនរួចមកហើយ ដើម្បីបម្រើនូវគោលដៅលើកស្ទួយសេដ្ឋកិច្ច ប្រទេសជាតិរបស់យើង ក៏ដូចជាការលើកកម្ពស់ស្តង់ដារប្រព័ន្ធដឹកជញ្ជូនផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំ នៅរសៀលថ្ងៃដដែល ប្រតិភូអន្តរក្រសួង រួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ខេត្ត បានចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនៅតាមបណ្តោយផ្លូវជាតិលេខ៧ ដែលត្រូវអនុវត្តគម្រោងនាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ