តាកែវ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលអំណោយជាអង្ករ ៥តោន និងថវិកា ១០.០០០.០០០រៀល ពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងលោកជំទាវ សុខ កែវ ច័ន្ទ សារុន ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ឯកឧត្តម អ៊ូច ភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងលោកជំទាវ សុខ កែវ ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាកសម្ភារ និងថវិកា ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីបម្រើការងារមនុស្សធម៌ចែកជូនពលរដ្ឋងាយរងគ្រោះ ពលរដ្ឋទីទ័លក្រ និងករណីប្រជាពលរដ្ឋរងគ្រោះ ដោយសារបាតុភូតធម្មជាតិណាមួយកើតឡើង ជាយថាហេតុ គឺ មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ