logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល អញ្ជើញប្រកាសដាក់ឱ្យដំណើរការ រដ្ឋបាលក្រុងអរិយក្សត្រ
107
04-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការ រដ្ឋបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការក្រុងអរិយក្សត្រជាច្រើននាក់ផងដែរ។

មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លើកឡើងថា ការបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រថ្មីនេះ នឹងជួយបង្កើនសក្តានុពលផ្នែកសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ជួយពង្រឹងនូវការគ្រប់គ្រងរដ្ឋបាលដែនដី ការចាត់ចែងដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ឱ្យបានសមស្របទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ការប្រកាសបង្កើត និងដាក់ឱ្យដំណើរការ រដ្ឋបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាល បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបំបែក និងបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ, ឃុំកោះឧញ៉ាតី, ឃុំព្រែកអំបិល ឃុំព្រែកលួង, ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ និងឃុំចំនួន៥ ទៀត ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ, ឃុំសារិកាកែវ, ឃុំពាមឧញ៉ាអុង, ឃុំព្រែកក្មេង និងឃុំបារុង។

ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញក្រុមប្រឹក្សាក្រុងអរិយក្សត្រ អភិបាលក្រុងអរិយក្សត្រ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងអរិយក្សត្រ ត្រូវរួបរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកសាង និងការអភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ ការផ្តល់សេវាសាធារណៈ កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រ ដែលទើបបំបែក និងបង្កើតថ្មី ជាពិសេស ការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្ត វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនានា នៅក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ នៃខេត្តកណ្តាល របស់យើងទាំងមូល៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ