logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនី នៅស្រុកសាលាក្រៅ
42
10-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពីស្រុកសាលាក្រៅ ដើម្បីដោះស្រាយចម្ងល់ និងសំណូមពរ ចំពោះបញ្ហាបរិមាណការប្រើប្រាស់អគ្គីសនីដែលកើនឡើងខុសប្រក្រតី ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរអគ្គីសនីកម្ពុជា និងតំណាងក្រុមហ៊ុនអគ្គីសនីក្នុងខេត្តផងដែរ។

តំណាងអាជ្ញាធរអគ្គីសនីកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាលើការប្រើប្រាស់អគ្គីសនីដូចជា៖ បញ្ហាដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងដើរលឿន ភ្លើងឡើងគីឡូ មានភាពមិនប្រក្រតី គឺសូមឱ្យបងប្អូនមកដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមការងារអាជ្ញាធរអគ្គីសនីកម្ពុជា ចុះមកត្រួតពិនិត្យជាក់ស្តែងបានទាន់ពេលវេលា ដោយមិនយកសេវ៉ាទេ ហើយប្រសិនបើមានកុងទ័រខូច ឌីសង់ទ័រខូច ដោយធម្មជាតិ (រន្ទះបាញ់ ដើរលឿន ដើរយឺត ឬគាំង) រាល់ការដោះដូរកុងទ័រថ្មីនេះ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះដែរ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកវិស័យចំនួន៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង ហើយចំពោះវិស័យថាមពលអគ្គិសនីនេះ គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន ដូច្នេះសេវាផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរអគ្គីសនីកម្ពុជា ក្នុងការចុះត្រួតពិនិត្យមើលបញ្ហាគីឡូភ្លើងឡើងខុសប្រក្រតី តាមខ្នងផ្ទះប្រជាពលរដ្ឋអោយបានច្បាស់លាស់ ថាតើបញ្ហាគីឡូឡើងខ្លាំងយ៉ាងនេះ តើមកពីបញ្ហាអ្វីអោយពិតប្រាកដ? ព្រោះប្រជាពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំងគ្រប់ទីកន្លែង ដែលបញ្ហានេះរដ្ឋបាលខេត្ត ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីភាពកក់ក្តៅ និងមានជំនឿចិត្តពីសំណាក់បងប្អូនពុកម៉ែតាមមូលដ្ឋាន។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ចំពោះបញ្ហាគីឡូភ្លើងឡើងខ្លាំងនេះ លោកជំទាវមានការព្រួយបារម្ភណ៍ណាស់ ព្រោះវាធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចនេះគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកជំទាវអភិបាលខេត្ត ក៍បានចាត់ឱ្យលោកអភិបាលរងខេត្ត ទទួលបន្ទុកសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនអគ្គីសនី ចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែង ដើម្បីរកដំណោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ដោយមិនអនុញ្ញាតអោយមានការគេងចំណេញពីសំណាក់ឈ្មួញ នាយទុន មកលើប្រជាពលរដ្ឋនោះឡើយ។

នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី និងសេវាករទាំងអស់សូមមេត្តាពិនិត្យមើលនូវបុគ្គលិករបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសអាជ្ញាធរក្រុង/ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ អំពីបញ្ហានេះ និងធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ អំពីតម្លៃសេវាករក្នុងការតបណ្តាញអគ្គីសនី នៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ជៀសវាងការយកតម្លៃខ្ពស់ជាងអជ្ញាធរអគ្គីសនីកម្ពុជាបានកំណត់។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នទូទាំងខេត្តប៉ៃលិន មានបន្ទុកប្រើប្រាស់ថាមពលសរុប ១២ MW (នាំចូលពីអគ្គិសនីកម្ពុជា ខេត្តបាត់ដំបង ចំនួន០៨ MW និងនាំចូលពីប្រទេសថៃចំនួន០៤ MW) មានក្រុមហ៊ុនចែកចាយថាមពលអគ្គិសនីឯកជនចំនួន ០២ក្រុមហ៊ុន មានបណ្តាញអគ្គិសនីចូលដល់ភូមិចំនួន ៩០ភូមិ លើ ៩០ភូមិ ស្មើ ១០០% គ្រួសារប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៣,១១៨គ្រួសារ លើគ្រួសារសរុបចំនួន ១៧,៤០០គ្រួសារ ស្មើនឹង ៧៨%៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ