logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
24
03-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូន ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា បានមានប្រសាសន៍លើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ធ្វើអោយយើងអាចធ្វើការរួមគ្នា និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ជាដើម។

ឯកឧត្ដម អភិបាលខេត្តស៊ូម៉ាត្រាខាងលិច បានបញ្ជាក់បន្ថែមថា នៅដើមខែសីហាឆ្នាំ២០២៣ខាងមុខនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុងស៊ូម៉ាត្រាខាងលិច។ នៅក្នុងឱកាសនោះ ឯកឧត្តម ក៏ចង់រៀបចំឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញតែម្ដង ដោយឯកឧត្តមនឹងអញ្ជើញអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅពេលនោះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា ក៏បានសំដែងនូវការអបអរសាទរចំពោះសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវគោរមងារកិត្តិយស“ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ។ ការទទួលគោរមងារកិត្តិយសនេះ គឺពិតជាស័ក្កសមណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេចតេជោ នៅបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខដុមរម្យនាខាងសាសនាថែមទៀត។ បន្ថែមពីនេះ ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយមានទាំងអគារខ្ពស់ៗជាច្រើន ជាមួយនឹងទីផ្សារទំនើបៗផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានាទាំងអស់នៅលើពិភពលោក។ កន្លងមកនេះ យើងបានចងសម្ព័ន្ធមេត្រីភាពជាមួយជាទីក្រុងជាច្រើនរួចហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច ទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន ទីក្រុងបាងកក ហាណូយ ហូជីមីញជាដើម និងមានការិយាល័យ ទីក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញថែមទៀតផង។ ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពហើយ ពោលគឺ នៅសល់តែទីក្រុងទាំងពីររៀបចំជាឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពគ្នាតែប៉ុណ្ណោះ។ នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ និងចាត់អោយអភិបាលរងទទួលបន្ទុកទៅទំនាក់ទំនងលើការងាររដ្ឋបាលនៃការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ