logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង
41
02-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រដ្ឋបាលខេត្តកោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីបន្តរក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវកម្ម របស់រោងចក្រពេលដែលមានការថមថយខ្សែចង្វាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣តទៅ។ លក្ខខណ្ឌការងារសុវត្ថិភាព និងសុខភាពការងារ ការទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្ម កុមារ និងការងារដោយបង្ខំ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានទទួលស្គាល់ថា មានស្ថានភាពល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ការពង្រឹងយន្តការអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ ការបង្កើតយន្តការ អធិការកិច្ចអន្តរក្រសួង សំដៅធានាបាននូវប្រសិទ្ធភាពនៃអនុលោមភាពតាមច្បាប់របស់សហគ្រាសគ្រឹះស្ថាន។ បន្ថែមពីនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដល់ចំនួន ២០០ដុល្លារ អាមេរិកក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ ហើយបើបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១៧ ទៅ ២២៨ ដុល្លារអាមេរិកក្នុងមួយខែ។

លោកជំទាវ មិថុនា ភូថង បានបន្ថែមថា​ រាជរដ្ឋាភិបាល បានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាព នៅក្នុងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិងកាយសម្បទា រឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម។ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ និងសកលលោក ភាពជឿនលឿននៃផ្នែកបច្ចេកវិទ្យាក្នុងបដិវត្តន៍ ឧស្សាហកម្ម៤.០ គម្លាតជំនាញ ការប្រែប្រួលក្នុងពិភពការងារ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់មួយ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធានចន្ទល់គាំទ្រឱ្យការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង។

លោកជំទាវអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញ សម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។ រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត បានដាក់ឱ្យអនុវត្ត ថ្នាលឌីជីថលសេវាការងារ ព្រមទាំងរៀបចំ "វេទិកាការងារ ថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់ សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។

លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្ដល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណង ចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនបងប្អូនពលករយើងសរុបចំនួនប្រមាណ ១,៣លាននាក់ ដែលមិនត្រឹមតែអាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ដែលបាន និងកំពុងអនុវត្ត។ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា កាន់តែមានលក្ខណៈពេញលេញ មកទល់ពេលនេះ កម្ពុជាកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមន្ត្រីសាធារណៈ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងពង្រីកវិសាលភាពទៅក្នុងវិស័យសេដ្ឋកិច្ចក ប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។ រាជរដ្ឋាភិបាលសូមកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំអនុវត្ត ដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ