រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់
April 28, 2023 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត រតនា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងថា ស្ថិតក្នុងបរិយាកាសដ៍សែនរំភើបរីករាយនេះ ក្នុងលោកផ្ទាល់មានសេចក្តីសោមនស្សរីករាយឥតឧបមា ដែលបានទទួលការអនុញ្ញាតពីលោកជំទាវអភិបាលខេត្ត ចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី សំណង់ និងបទប្បញ្ញាត្តិពាក់ព័ន្ឋក្នុងវិស័យសំណង់ នាឱកាសនេះ លោកសូមសំដែងនូវមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានឯកឧត្តម ខ្លូត រតនា អនុរដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ដែល បានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីដ៏មានអត្ថន័យនាពេលនេះ ញ៉ាំងឱ្យអង្គពិធីបានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមក្រៃលែង និងសូមជូនពរឱ្យដំណើរបេសកម្មរបស់ឯកឧត្តម នៅលើទឹកដីខេត្តកោះកុង បានទទួលលទ្ធផលជាវិជ្ជមានតាមការរំពឹងទុកកុំបីខាន។

លោកអភិបាលរងខេត្ត បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជាសេនាធិការ និងដោយមានការចូលរួមសហការពីគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យការចាត់តាំងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលវិជ្ជមានគួរជាទីមោទនៈ ដែលបានធ្វើឱ្យសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ បានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍ ការវិនិយោគ ការប្រកបរបរអាជីវកម្ម និងការរស់នៅប្រកបដោយសុខុដុមរមនា របស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ការងាររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់ ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្នុងការជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សំណង់នានាទាំងស្ថាប័នរដ្ឋ និងឯកជន ពិសេសសំណង់ក្រុមហ៊ុនវិនិយោគ និងលំនៅឋានរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ និងស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស។

លោកអភិបាលរងខេត្ត បានបន្តថា អាជ្ញាធរខេត្ត ក្នុងនាមគណៈកម្មការសុរិយោដីខេត្ត បានខិតខំធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋបានមួយចំនួន និងបានចាត់វិធានការការពារ និងទប់ស្កាត់បាតុភាពទំនាស់ដីធ្លីមិនឱ្យរីករាលដាលឡើងច្រើនថែមទៀត ដោយខិតខំធ្វើការផ្សព្វផ្សាយច្បាប់។ ដោយឡែកការងារសំណង់ ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធនៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏មានច្បាប់ស្ដីពីសំណង់ ដែលប្រកាសឱ្យប្រើប្រាស់ដោយ ព្រះរាជក្រមលេខ នស/ រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីឱ្យវិស័យការងារដ៍មានសារៈសំខាន់មួយនេះ អាចដំណើរការសម្រេចបានតាមគោលបំណង និងលទ្ធផលរំពឹងទុករបស់រាជរដ្ឋាភិបាល ដោយមានជួយជ្រោមជ្រែងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលមានអគ្គនាយកសំណង់ ខេត្តកោះកុងមានកិត្តិយសបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ និង បទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នាពេលនេះ។ លោកអភិបាលរងខេត្ត សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ខិតខំត្រងត្រាប់ស្តាប់នូវការបង្ហាញរបស់វាគ្មិនយើង និងចូលរួមបានពេញលេញទៅតាមកម្មវិធីដែលបានគ្រោងទុកជាមិនខាន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ