អភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន ឯកឧត្ដម ហ៊្វូមីអាគិ តាកាហាស្ស៊ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
April 26, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន ឯកឧត្ដម ហ៊្វូមីអាគិ តាកាហាស្ស៊ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនោះ ឯកឧត្ដម ហ៊្វូមីអាគិ តាកាហាស្ស៊ី (Fumiaki TAKAHASHI)  បានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប៧០នេះ សមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

ជាការឆ្លើយតប ទៅនឹងការស្នើសុំសហការជុំវិញការបាញ់កាំជ្រួចក្នុងព្រឹត្តិការណ៍ខួបទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំនេះ ឯកឧត្ដម ឃួង ស្រេង សូមឱ្យប្រធានសមាគមន៍ធ្វើទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរណ៍ និងប្រជាពលរដ្ឋជប៉ុន ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។ ក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើសុំឱ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេស រថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យនៅអគារខ្ពស់ ដោយសារថា រាជធានីភ្នំពេញសព្វថ្ងៃនេះ មានអាគារខ្ពស់ខ្ពស់កាន់តែច្រើន ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យអោយបានល្អបន្ថែមទៀត ស្របទៅតាមការរីកចំរើនឥតឈប់ឈររបស់រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊្វូមីអាគិ តាកាហាស្ស៊ី (Fumiaki TAKAHASHI)  ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៧។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ លោក កូជី កាន់សាគិ ដែលបានចូលជួបជាមួយ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្ថាបនា ជាសួនមិត្តភាពកម្ពុជា-ជប៉ុន។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលដី អំពីក្រុម គ្រួសារម្ចាស់ដីក្រោមអធិបតីភាព ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបំពាក់មេដាយចំនួន ០៣រូប ដែលបានបរិច្ចាគជូនរដ្ឋបាលរាជធានីភ្នំពេញ និងជូនលិខិតថ្លែងអំណរគុណដល់សប្បុរសជនផងដែរ។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង បានឯកភាពដាក់ឈ្មោះសួនមិត្តភាពកម្ពុជា-ជប៉ុនថា KANZAKI KOJI MEMORIAL PARK ក្រោយពេលបានទទួលឈ្មោះនេះពីកូនប្រុសរបស់លោកតាមរយៈអ៊ីម៉ែល៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ