រដ្ឋបាលខេត្តកោះកុង ប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការខេត្ត
October 25, 2018 អ្នកទស្សនា :

     ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​នេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈ​អភិបាល ខេត្តកោះកុង បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រី​រាជការ រួមមានអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៅតាមមន្ទីរ អង្គភាពមួយចំនួនជុំវិញខេត្ត ចំនួន ៥៤ នាក់ និងប្រកាសស្តីពីការប្រគល់ភារកិច្ច ជូននាយករដ្ឋបាលសាលាក្រុងខេរៈភូមិន្ទ និងប្រធានទី​ស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

     លោកជំទាវ អភិបាល​ បានថ្លែងអបអរសាទរ ចំពោះអស់លោក លោកស្រី មន្រ្តីរាជការ ទាំង ៥៦ នាក់ មកពីមន្ទីរ អង្គភាព ចំនួន ១៥ ក្នុងខេត្តកោះកុង ដែលបានទទួលការតែងតាំង និងប្រគល់ភារកិច្ច ហើយដែល​ត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែងនាឱកាសនោះ។​ លោកជំទាវបានគូបញ្ជាក់បន្ថែមទៀតថា​ លោក លោកស្រី មិនមែនជាមន្រ្តីសាមញ្ញទៀតទេ គឺជាមន្រ្តីដែលមាន មុខតំណែង និងតួនាទី ហេតុនេះត្រូវខិតខំ​រួមចំណែកបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ត្រូវមានគំនិតច្នៃប្រឌិត ក្នុងការងារ ត្រូវរក្សាឱ្យបាននូវ​សាមគ្គីភាព និងទំនាក់ទំនងល្អ ជាមួយមន្រ្តី ក្នុងអង្គភាព ក៏ដូចជាក្រៅអង្គភាព ជាពិសេសត្រូវកែប្រែ​ឥរិយាបថ​ពីអ្នកត្រួតត្រាបញ្ជា មក ជាអ្នកបម្រើ និងផ្តល់សេវា ជូនប្រជាពលរដ្ឋ​ និងត្រូវគោរពឱ្យបាននូវក្រមសីលធម៌​មន្រ្តីរាជការ មានឥរិយាបថថ្លៃថ្នូរ និងប្រកាន់ភ្ជាប់មនសិការវិជ្ជាជីវៈការងារ មិនត្រូវយកមុខងារ តួនាទី ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ​ ហើយត្រូវខិតខំសិក្សាស្វែងយល់ពីច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀតជាពិសេស​ក្នុងបរិបថ នៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។ មន្រ្តីទាំងអស់ ត្រូវប្តូរទំលាប់ ដែលអង្គុយធ្វើការតែ​ក្នុង​ការិយាល័យ​ប្តូរមកជាអ្នកចុះជាប់ជាមួយមូលដ្ឋានស្វែងយល់ពី តម្រូវការ និងសុខទុក្ខរបស់ប្រជាជន ដើម្បីធានាផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ឋភាព។ លោកជំទាវ ក៏បានសំណូមពរ ដល់លោក លោកស្រីប្រធានមន្ទីរ អង្គភាពទាំងអស់ក្នុងករណីស្នើតែងតាំងមន្រ្តី ត្រូវធ្វើការពិនិត្យលទ្ឋភាព មុនលើក​សំណើតែងតាំងមន្រ្តីបំពេញប្រអប់ អោយស្របតាមគោលការណ៍ណែនាំ ជាធរមាន ដើម្បីបំពេញរចនាសម្ព័ន្ឋ របស់សាម៉ីមន្ទីរផង និងជាការលើកទឹកចិត្តដល់មន្ត្រីផង។ ជាងពីនេះទៀត ចំពោះការស្នើសុំតែងតាំង ត្រូវ​ផ្អែកទៅលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ យុត្តិធម៌ អព្យាក្រឹតភាពមន្ត្រីរាជការ ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ដោយផ្អែកលើទំហំការងារ លក្ខណៈសម្បត្តិស័ក្តិសម របស់​បេក្ខជនសម្រាប់ មុខតំណែង ផលិតភាពការងារ លទ្ធភាពថវិកា និងធានាបាននូវនិរន្តរភាពការងារ ក្នុង​អង្គភាពផងដែរ។ លោកជំទាវ បានជម្រាបជូនដែលថានាពេលខាងមុខនេះខេត្ត ក៏មានកម្មវិធីជាច្រើន ក្នុងនាមរដ្ឋបាលខេត្ត ស្នើអាជ្ញាធរក្រុង និងមន្ទីរទាំងអស់យកចិត្តទុកដាក់ អំពីបញ្ហាអនាម័យ បរិស្ថាន កែលម្អសោភ័ណភាពសួនច្បារ និងបរិវេណមន្ទីរសាម៉ី អោយបានល្អប្រសើរ ស័ក្តិសម ជាទីក្រុងស្អាត ឆ្នេរសមុទ្រស្អាត ដើម្បីអបអរសាទរ ចំពោះវត្តមានដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យសមុទ្រលើក ទី៧ ជុំទី២ នាខែធ្នូ ឆ្នាំ២០១៨ខាងមុខ។​

     លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ក៏ដូចជាតំណាងអោយលោក លោកស្រី ដែលទទួលបានតូនាទីភារកិច្ចទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត​ ១-ខិតខំយកអស់លទ្ធភាពប្រកប​ដោយស្មារតី​ទទួលខុសត្រូវ ក្នុងការដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ឲ្យមានការរីកចំរើន ត្រឹមត្រូវតាមគោល​ការណ៍ណែនាំ របស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត, ២-ខិតខំថែរក្សានូវអ្វីដែលមានស្រាប់ ធ្វើការកែលម្អ និងអភិវឌ្ឍន៍បន្ថែមឲ្យកាន់ តែមានភាពប្រសើរឡើង, ៣-សហការល្អ ជាមួយសាលាខេត្ត មន្ទីរ អង្គភាពជុំវិញ​ខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកសារព័ត៌មាន, ៤-យកចិត្តទុកដាក់ក្នុងការថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង​អង្គភាពឲ្យបានរឹងមាំ ដើម្បីរួមគ្នាអនុវត្តន៍ភារកិច្ចការងារ មាននិរន្តភាព និងមានប្រសិទ្ធិភាព, ៥-រួមចំណែក​ក្នុងការអភិវឌ្ឍខេត្តក៍ដូចជារួមចំណែកអនុវត្តគោលនយោបាយជាអទិភាពឲ្យសម្រេចបានជោគជ័យ, ៦-ខិត​ខំសិក្សាស្រាវជ្រាវបន្ថែមទៀត នូវច្បាប់ លិខិតបទដ្ឋាននា ដើម្បីបង្កើនសមត្ថភាពការងារ និងពង្រឹងសមត្ថភាព​ក្នុងការដឹកនាំអង្គភាពប្រកបដោយប្រសិទ្ធិភាព៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ