អាជ្ញាធរខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសគ្រឿងញៀនរវាង​សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងវិស័យឯកជន
October 24, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅ​សាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងវិធានការបង្ការ ទប់ស្កាត់ និង​បង្ក្រាបបទល្មើសគ្រឿងញៀនរវាងសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងវិស័យឯកជនក្នុងខេត្ត ក្រោមអធិបតីភាព​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន​ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រីប្រធាន​មន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធាន​ទីស្នាក់ការព្រំដែនទាំង៨ កងកម្លាំង ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងខេត្ត សរុបប្រមាណ ៤៣០នាក់ ។

     មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ ជាការងារសរុប ជាការងាររួម ដែលទាមទារ​ឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទើបការងារនេះ អាចសម្រេច​ទៅ​បាន​ដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញ​ពីភាគី​ណាមួយនោះ ទាំងរដ្ឋក្ដី និងឯកជនក្ដី នោះនឹងធ្វើឲ្យយើងមានការលំបាកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសគ្រឿងញៀន ដែលធ្វើឲ្យបញ្ហានេះ ក៏នៅតែជាជំងឺមហារីកដែលជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់យុវជន និងប្រជាជន ក៏ដូចជាប្រទេសជាតិរបស់យើង។

     ដូច្នេះ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ហើយបច្ចុប្បន្នកំពុងអនុវត្តនៅក្នុងដំណាក់កាលទី៣ ដែលឯកឧត្ដមសូមសម្ដែងនូវការកោតសរសើរ និងអរគុណ ចំពោះការចូលរួមសហការយ៉ាងល្អប្រសើររបស់អស់លោក លោកស្រីដែលជាម្ចាស់អាជីវកម្មទាំងអស់ ជាមួយ​នឹងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តនាពេលកន្លងមក ដោយបានធ្វើឲ្យការអនុវត្ត​ផែន​ការ​យុទ្ធនាការនេះ នៅគ្រប់ដំណាក់កាល ទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងលើការងារផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល និងការងារអនុវត្តច្បាប់ ។

    ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ាអូខេ ចំនួន ១៥៤ទីតាំង នៅក្នុងខេត្ត ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការ ប្រយុទ្ធ ប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្នងការដ្ឋាននគរបាលខេត្តរួចហើយ និងសូមស្នើដល់ម្ចាស់ ទីតាំងអាជីវ កម្មទាំងអស់ដែលមិនទាន់បានចុះកិច្ចសន្យា សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត អនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ ។

    ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត និងស្នើដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ ទាំងអស់ត្រូវចូលរួមសហការ ដោយស្មារតីទទួលខុសត្រូវខ្ពស់ជាមួយកម្លាំងសមត្ថកិច្ច ដោយមិនត្រូវមានការលាក់បាំងព័ត៌មានណា មួយ នោះទេ ហើយក្នុងករណីមានការសង្ស័យថាមានករណីជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុង ទីតាំងអាជីវកម្មរបស់ខ្លួន សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ដើម្បីមានវិធានការ បង្ក្រាបឲ្យបានទាន់ពេលវេលា ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ