logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបំពាក់កន្សែង និងសច្ចាប្រណិធានដល់នវកាយរឹទ្ធិ ១៨៤នាក់ ក្នុងស្រុកខ្សាច់កណ្ដាល
28
24-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែង និងសច្ចាប្រណិធានដល់នវកាយរឹទ្ធិ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ចំនួន ១៨៤នាក់ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលាស្រុកខ្សាច់កណ្ដាល។

នាឱកាសនោះ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានថ្លែងថា ក្មួយៗសិស្សានុសិស្ស ដែលជាសមាជិកកាយរឹទ្ធទាំងអស់ ដែលបានធ្វើពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង គឺបានលះបង់យ៉ាងធំធេង សម្រាប់ការងារមនុស្សធម៌ ពិសេសក្មួយៗ ត្រូវចាំថា ចលនាកាយរឹទ្ធិ គឺរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអាវេគភាព (គ្រប់គ្រងអារម្មណ៍) ដើម្បីឱ្យក្លាយទៅជាពលរដ្ឋ មានទំនួលខុសត្រូវ និងទៅជាសមាជិក សហគមន៍តាមមូលដ្ឋាន រស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

ឯកឧត្ដម អភិបាលរងខេត្ត បន្តថា យុវជនកាយរឹទ្ធិ គឺដើរតួយ៉ាងសំខាន់ នៅក្នុងសាលារៀន ក្នុងសង្គម និងក្លាយជាអ្នកបន្តវេនដ៏ល្អ នាពេលអនាគត ដូច្នេះក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងស្តាប់បង្គាប់មាតាបិតា គោរពលោកគ្រូអ្នកគ្រូ និងបទបញ្ជាវិន័យ របស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាកុមារ ៣ល្អគឺ សិស្សល្អ កូនល្អ មិត្តល្អ និងមិនត្រូវយកតួនាទី ជាកាយរឹទ្ធិ ប្រព្រឹត្តអំពើ ដែលខុសច្បាប់នោះឡើយ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ក្មួយៗ ជាយុវជនកាយរឹទ្ធិទាំង ១៨៤នាក់ ត្រូវគោរពច្បាប់កាយរឹទ្ធិ ទាំង១០ ប្រការ និងអនុវត្តន៍ តាមពាក្យសច្ចា ប្រណិធាន របស់កាយរីទ្ធិ ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត ទៅតាមពាក្យស្លោក របស់កាយរឹទ្ធិ គឺធ្វើអំពើល្អ ឱ្យបាន ១ ក្នុង១ថ្ងៃ យ៉ាងតិច ។ ហើយក្មួយៗ ត្រូវចាំថា កាយរឹទ្ធិ, កាយគឺ កាយសម្បទា និងរឹទ្ធិគឺ អំណាច ដូច្នេះសូមក្មួយ ត្រូវថែរក្សាសុខភាព ឱ្យបានល្អ ហើយយុវជនកាយរឹទ្ធិ ត្រូវប្រកបដោយឆន្ទៈ និងលើកស្ទួយតំលៃ របស់យុវជន ព្រោះក្មួយៗ ជាសសរទ្រូង នៃប្រទេសជាតិ ប្រកបដោយចំណេះ ជំនាញ ពិតប្រាកដ លើកស្ទួយកិត្យានុភាពជាតិ ឱ្យបានថ្កុំថ្កើង ស័ក្ដិសមជាយុវជនបន្តវេន ដែលមានមនសិការស្នេហាជាតិ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ