ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញអធិបតីក្នុងពិធីប្រកាសចូលកា​ន់មុ​ខតំ​ណែ​ងប្រធានមន្ទីរទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង
May 22, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត​ស្វាយរៀងនិង ឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញអធិបតីក្នុងពិធីប្រកាសចូលកា​ន់មុ​ខតំ​ណែ​ងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងទំនាក់ទំនងជា​មួយ​រដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនា​នា​ក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការពា​ក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបា​ល​ខេត្ត និងសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្ដមរដ្ឋលេខាធិការ តំណាងដ៏​ខ្ពង់​ខ្ពស់​សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញជាអធិបតីក្នុង​ពិធីប្រកា​​ស​​ចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយ​រៀ​​ង​នាពេលនេះ ដែលពិតជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ លើកទឹកចិត្ត និងសហការគាំ​ទ្រ​ដល់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទីស្នូល និងភារកិច្ចរណបផ្សេងៗទៀត ។

ឯកឧត្តមបន្តថា នាមរដ្ឋបាលខេត្ត សូមស្នើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ព្រម​ទាំ​ង​លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ចខេត្តដូចខាងក្រោម ៖

១-ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបា​យ​របស់រាជរដ្ឋាភិបាល ជាពិសេសក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ។

២-សូមបន្តជំរុញការអនុវត្តផែនការចុះផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត​គោលសំខា​ន់ៗ​ដែ​លពាក់ព័ន្ធនឹងការប្រតិបត្តិប្រចាំថ្ងៃ ផ្សារភ្ជាប់ចម្បងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូ​ច​ជាបទដ្ឋានថ្មីៗដែលរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នបានដាក់ចេញ ឲ្យបានកាន់តែសកម្ម និង​ទូលំ​ទូ​លាយថែមទៀត ។

៣-ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីរាជការក្នុងវិជ្ជាជីវៈ ជាពិសេ​សផ្នែកច្បាប់ យន្តការ និងវិធីសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការសម្របសម្រួលដោះស្រាយវិវាទ និងការងារអធិការកិច្ចជាដើម ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការការងារថ្មីៗ សំដៅធានានិរន្តរ៍ភាពការងា​ររ​បស់​អង្គភាពឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ។

សូមជម្រាបជូនថាយោងប្រកាសលេខ០៤៦/២៣ ទ រ ព អ ប្រ.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំងលោក សៅ វណ្ណា ឋានន្តរស័ក្កិ វរៈមន្ត្រី ថ្នាក់លេខ១ជាប្រធានមន្ទីរទំនាក់ទំនា​ក់ទំ​នង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀងជំនួសលោក សឹង សុខុម ដែលត្រូ​វដល់​អាយុចូលនិវត្តន៍ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ