អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា
October 18, 2018 អ្នកទស្សនា :

    នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយមនុស្សចាស់​ ក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៨ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” នៅសាលប្រជុំសាលាខេត្ត។

    ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលបានរៀបចំការប្រារព្ធទិវានេះឡើង ហើយថ្វីត្បិតតែមានការយឺតយ៉ាវបន្តិចមែន តែក៏បានខិតខំធ្វើឱ្យបាន ដើម្បីសំដែងនូវការគោរពដឹងគុណចំពោះស្នាដៃដ៏ថ្លៃថ្លារបស់អតីតយុទ្ធជនទាំងអស់ ដែលបានបន្សល់ទុក សម្រាប់ឱ្យក្មេងៗជំនាន់ក្រោយ។ ម្យ៉ាងទៀត ដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ អោយប្រសើរ។ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អតីតយុទ្ធជនដែលជាមនុស្សចាស់ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិរៀបចំទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា ដែលជាយន្តការរៀបចំ និងអនុវត្ត នូវគោលនយោបាយសម្រាប់មនុស្សចាស់ និងគម្រោងកម្មវិធី ផ្តល់ការគាំទ្រផ្សេងៗទៀតដល់មនុស្សចាស់កម្ពុជា។

     ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី លោក ខឹម ចាន់ផល បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ មន្ទីរបានបើកផ្តល់ប្រាក់សោធនតាមរយៈប្រព័ន្ធធនាគារ អេស៊ីលីដា មាន៖ និវន្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ គ្រួសារសពនិវត្តជន និងកូនកំព្រាជាអតីតមន្ត្រីរាជការស៊ីវិលសរុប ១៨៣នាក់ បន្ទុក៣២នាក់ និងនិវត្តជន១៩៦នាក់ ជនបាត់បង់០៦នាក់ ជនពិការ៣៥នាក់ គ្រួសារជនពលី ២៥គ្រួសារ គ្រួសារជនមរណៈ៣០គ្រួសារ និងបន្ទុក ៤២៨នាក់ អតីតមន្រ្តីកងយោពលខេមរៈភូមិន្ទ និងជានគរបាល កំពុងទទួលរបបសោធនប្រចាំខែពីរដ្ឋ ។ លោក បានបន្ថែមថា មន្ទីរបានចុះពិនិត្យសមាគមន៍មនុស្សចាស់ដែលបានបង្កើតរួច នៅតាមថ្នាក់ឃុំ/សង្កាត់ និងបានជួយទ្រទ្រង់ជាថវិកា៨០ម៉ឺនរៀលសម្រាប់ឃុំនិមួយៗ បានចំនួន៣ឃុំ ក្នុង ស្រុកកោះញែក និងបានចែកប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមន្ទីរពេទ្យ និងកូន ចៅ ដែលមានបំណងសុំអាហាររូបករណ៍បន្តការសិក្សាជាដើម៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ