ឯកឧត្តម សុខ លូ អញ្ជើជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររង់ចាំមុន និង​ក្រោយសម្រាល និងអគារលើកកំពស់​សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ
January 19, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្តបាត់​ដំបង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររង់ចាំមុន និងក្រោយសម្រាល និងអគារលើកកំពស់សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ស្ថិតក្នុងភូមិ​អន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា មន្ត្រីសុខាភិបាលទាំងអស់​ត្រូវ​យកចិត្តទុក ដាក់បម្រើសេវាសុខភាពជូនពលរដ្ឋដោយទទួលខុសត្រូវខ្ពស់បំផុត ហើយត្រូវចាំថាមន្ត្រីសុ​ខាភិ​បាលគ្រប់រូបត្រូវចាត់ទុកខ្លួនជាអ្នកបម្រើសេវាជូនពលរដ្ឋ មិនត្រូវចាត់ទុកខ្លួនជាចៅហ្វា​យនាយ​ពលរដ្ឋ​​ឡើយ ។

ឯកឧត្តម បានបន្តទៀតថា ប្រធានមណ្ឌលសុខភាពមានតួនាទីសំខាន់ណាស់ ក្នុង​ការពិ​និត្យ​មន្ត្រីក្រោ​ម​ឱវាទរបស់ខ្លួន ធ្វើយ៉ាងណាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អសមរម្យ ព្រោះ​កន្លងមក​ធ្លាប់មានការ​រិះគន់ទៅលើមន្ត្រីសុខាភិបាលយើងថាសំដីអាក្រក់ ប្រជាពលរដ្ឋមានប័ណ្ណ​សមធម៌មក​ទទួលការ​ព្យា​បាល គឺមិនមានការយកចិត្តទុកដាក់ បង្កជាបាតុភាពមិនល្អដល់​សេវា​សាធារណៈ តែក្រោយ​មកបញ្ហា​នេះត្រូវបានលុបបំបាត់ស្ទើរតែទាំងអស់ហើយ ហើយបើនៅមានសេស​សល់បន្តិចបន្ទួច ត្រូវរួមគ្នាធ្វើ​យ៉ាងម៉េចលុបបំបាត់បញ្ហាអសកម្មទាំងនេះឱ្យបាន កុំឱ្យឮពាក្យពី​ប្រជា​ពលរដ្ឋ​ដែលមកទទួលសេវា ថាគ្រូពេទ្យមានសំដីអាក្រក់ដាក់ប្រជាពលរដ្ឋ បើមានត្រូវតែកែប្រែ ។ 

ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើងនៅនឹងសហគ​មន៍មូលដ្ឋាននាពេ​លនេះ​គឺ​កើ​តឡើងក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានន័យថា កាលណាប្រទេស​មានសន្តិភាពហើយទើបយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលទាំងនេះបាន ជាក់​ស្តែង​ដូចពេលនេះជាដើម ។

លោកវេជ្ជបណ្ឌិត គីម ឆាងយ៉ុប ប្រធានអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ Kofih បានលើកឡើងថា Kofih បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានរយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងនូវ​សមត្ថភាពមន្ត្រីសុខាភិបាល ដើម្បី លើកកម្ពស់ការថែទាំសុខភាព មាតា ទារកនិងកុមារ នៅក្នុង​ប្រទេសកម្ពុជា ជាក់ស្តែងអគារទាំង២នេះតែម្តង ហើយសង្ឃឹមថា ការចូលរួមចំណែកនៅក្នុង​សហគមន៍​មួយនេះ នឹងអាចជាកន្លែងសម្រាប់ចែកចាយនូវព័ត៌មាន ទាក់ទងទៅនឹងការថែទាំសុ​ខភាព​សម្រាប់​ប្រជាពលរដ្ឋ ។

លោកបានបន្តទៀតថា Kofih នឹងបន្តកិច្ចសហប្រតិបត្តិការ ជាបន្តទៀតនាពេលអនាគតជាមួយប្រទេ​ស​កម្ពុជាក្នុងការគាំទ្រទៅលើគម្រោងការគ្រប់គ្រងជំងឺមិនឆ្លងក៏ដូចគ្នានឹងជំងឺឆ្លង ដើម្បីធានាបានថា​ប្រទេស​កម្ពុជា នឹងសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ